កម្ពុជា នាំចេញផលិតផលកសិកម្ម ជាង២លានតោនទៅទីផ្សារ អន្តរជាតិ ក្នុងរយៈពេល៧ខែនេះ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការអះអាងរបស់ មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម នាពេលថ្មីៗនេះថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មជាង២លានតោនទៅទីផ្សារអន្តរជាតិ ដែលទំនិញទាំងនេះគឺសុទ្ធតែមានការកត់ត្រាជាផ្លូវការ និងឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យពីអ្នកបញ្ជាទិញ

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មមានប្រសាសន៍ថា កម្ពុជាបាននាំចេញអង្ករដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេកស្រស់ ផ្លែស្វាយ ដូងប្រេង និងម្ទេសស្រស់ដែលសរុបមានជាង២លានតោន បើប្រៀបធៀបនឹងឆ្នាំ២០១៩មានការកើនឡើង៩ភាគរយ

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្មជាង២លានតោននេះ មានទៅប្រទេស ចិន ថៃវៀតណាម ឥណ្ឌា អឺរ៉ុប ជប៉ុន រុស្ស៊ី និងប្រទេសអូស្ត្រាលីជាដើម។ លោកបន្ថែមថា «ដើមឆ្នាំ២០២០នេះ យើងសម្រេចបានចំនួន២,០៦៨៩៨៧តោន កើនលើសឆ្នាំមុនគិតក្នុងរយៈពេលដូចគ្នាប្រមាណ៩ភាគរយ ក្នុងនោះទៅសហគមន៍អឺរ៉ុប មានកំណើន៣៧,៧០ភាគរយ ទៅប្រទេសចិនមានកំណើន២៥,៩១ភាគរយ ដោយឡែកទៅប្រទេសអាស៊ានកើន៤៤ភាគរយ និងប្រទេសដ៏ទៃទៀតមានការកើនឡើងខ្ពស់រហូតដល់៧២,៤០ភាគរយ»

លោក ងិន ឆាយ បន្ដថា កំណើននៃបរិមាណនាំចេញនេះ គឺជាកត្តាឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះលោកបានបញ្ជាក់ទៀតថា អនាម័យ និងភូតគាមអនាម័យ គឺបានដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន និងជាស្ពានចម្លងផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារបរទេស៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print