អភិបាលខេត្តសៀមរាប អនុញ្ញាតិឲ្យតំបន់ផាប់ស្ត្រីត បើកដំណើរការឡើងវិញ ក្រោយចុះត្រួតពិនិត្យ និងជំរុញការអនុវត្តវិធានការការពារជំងឺកូវីដ

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបន្តចុះពិនិត្យរៀបចំកែលំអរ និងពង្រឹងការរៀបចំវិធានការការពារជំងឺកូវីដ១៩ ក្រោយរដ្ឋបាលខេត្តបានផ្អាកជាបណ្តោះអាសន្នកាលពីរាត្រីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២០ ដោយសារមានបងប្អូនបានចូលរួមលើសពីការកំណត់របស់គណៈកម្មការរៀបចំកម្មវិធី។

ក្រោយការចុះពិនិត្យម្តងទៀតរួចរាល់ហើយនោះ លោក អភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំកម្មវិធី បានអនុញ្ញាតឲ្យបន្តបើកដំណើរការ ដោយបានណែនាំចំនួន៣ចំណុចដូចខាងក្រោម៖

ទី១៖ សមត្ថកិច្ចត្រូវប្រចាំការសម្រួលទិសចរាចរណ៍ ដើម្បីងាយស្រួលដល់ក្រុមការងារគ្រប់គ្រងចំនួនអ្នកចូលរួម ការវាស់កម្ដៅ ការពាក់ម៉ាស់និងការលាងសម្អាតដៃដោយអាល់កុលជាដើម។

ទី២៖ អាជ្ញាធរមូលដ្ឋានដែលមានសមត្ថកិច្ច និងម្ចាស់អាជីវកម្មផ្ទាល់ត្រូវកែសម្រួលការប្រគុំតន្ត្រី ដើម្បីជៀសវាងឲ្យមានការប្រមូលផ្តុំច្រើន។ម្ចាស់អាជីវកម្មដ្ឋាននីមួយៗក៏ត្រូវពង្រឹងការអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ក្នុងកម្រិតខ្ពស់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយរាប់បញ្ចូលទាំងការរក្សានូវគម្លាតសុវត្ថិភាពសម្រាប់អតិថិជន។

គណៈកម្មការរៀបចំកម្មវិធី និងរដ្ឋបាលខេត្តសៀមរាប ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអញ្ជើញចូលរួមកម្មវិធី«សម្រាកសៀមរាប» ក្នុងសប្ដាហ៍នេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចងចាំនូវវិធានសុវត្ថិភាព ៣ចំណុច ដូចខាងក្រោម៖

១៖ កុំភ្លេចត្រៀមម៉ាស់ ឬក្រមា។

២៖ កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀមសាប៊ូលាងដៃជូននៅតាមទីសាធារណៈផងដែរ)

៣៖ កុំភ្លេចរក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ១៩)៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print