ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់បាន ៩០% ហើយ

ចែករំលែក៖

ភ្នំពេញ៖ កីឡដ្ឋានធំ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងត្រៀមទទួលពិធីបើកបិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានសម្រេចសមិទ្ធផលសាងសង់ប្រមាណ ៩០% ហើយ ស្របពេលគម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនាខែមីនា ឆ្នាំ២០២១។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC លោក វ៉ាត់ ចំរើនបានបញ្ជាក់ថា ទោះបីវិបត្តិកូវីដ១៩ បានជះឥទ្ធិពលទូទាំងពិភពលោក តែវាមិនប៉ះខ្លាំងដល់ដំណើរការសាងសង់ដំណាក់កាលទី២ នៃពហុកីឡដ្ឋានជាតិមរតកតេជោនេះឡើយ ជាក់ស្ដែងមកទល់ពេលនេះ ការសាងសង់បានដំណើរការរលូន និងសម្រេចបាន ៩០% ហើយ។

លោក វ៉ាត់ ចំរើន បន្ដថា «មកទល់ពេលនេះ ការសាងសង់កីឡដ្ឋានធំ Main Stadium រួចរាល់ ៩០% ហើយ គឺនៅសល់តែការបំពាក់គ្រឿងបរិក្ខាប៉ុណ្ណោះ ដូចជាកៅអី កញ្ចក់ បង្កាន់ដៃ ភ្លើង ទីលានខាងក្នុង និងការដេគ័រផ្សេងៗទៀត ដូចយើងធ្វើផ្ទះអញ្ចឹង ការណាដល់ដេគ័រហ្នឹងរៀងយឺតបន្ដិច តែបើនិយាយពីផ្នែកសំណង់សឹងតែរួចរាល់ហើយ គម្រោងនេះ អាចនឹងបញ្ចប់ស្ថាពរនៅអំឡុងខែមីនា ឆ្នាំក្រោយ»

សូមជម្រាបថា សំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយប្រើប្រាស់វិស្វករជំនាញ និងកម្មករសរុបជិត ៦០០នាក់ ដើម្បីសាងសង់ ក្រោមជំនួយឥសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក។ សមិទ្ធផលដ៏ធំសម្បើមនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ឯណោះ៕ដោយ៖ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print