ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា ក្រុមណាមួយដែលព្យាយាមស្នើឲ្យជប៉ុនដាក់សម្ពាធ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីបញ្ហាសិទ្ធិមនុស្ស នឹងទទួលបរាជ័យយ៉ាងអាម៉ាស់មុខជាមិនខានឡើយ។ ការលើកឡើងបែបនេះរបស់លោក ជិន ម៉ាលីន បានធ្វើឡើងខណៈដែលមានដំណើរទស្សនកិច្ចផ្លូវការរបស់លោក រដ្ឋមន្ត្រីការបរទេសថ្មីជប៉ុន តូសឺមីតស៊ូ ម៉ូតេហ្គិ(Toshimitsu Motegi) មកកាន់កម្ពុជា។
អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងឆ្លើយតបទៅនឹងក្រុមណាមួយដែលមានបំណងចង់ស្នើឲ្យរដ្ឋមន្ត្រីការបរទេសជប៉ុនលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងដាក់គំនាបមកលើកម្ពុជា។ បន្ទាប់ពីថ្មីៗនេះ ក្រុមសិទ្ធិមនុស្សអន្តរជាតិ បានជំរុញទៅប្រមុខការទូតជប៉ុនឲ្យលើកយកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយសមភាគីកម្ពុជាអំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា។
ជាក់ស្តែងនៅលើហ្វេសប៊ុករបស់លោក ជិន ម៉ាលីន បានសរសេរកាលពីថ្ងៃម្សិលមិញថា៖ ឆ្លងតាមបទពិសោធន៍ នៃការសិក្សា និងរស់នៅប្រទេសជប៉ុនជាច្រើនឆ្នាំកន្លងមក លោកថា រដ្ឋាភិបាលជប៉ុនមានគោលនយោបាយការបរទេសជួយដល់ប្រទេសដទៃ ដោយផ្តោតលើការអភិវឌ្ឍជាធំ គោរពនូវអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ។
លោកបន្តថា «ការដែលក្រុមណាមួយព្យាយាមស្នើសុំឲ្យជប៉ុនដាក់សម្ពាធ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ នឹងច្បាស់ជាទទួលរងនូវភាពបរាជ័យយ៉ាងអាម៉ាស់ជាក់ជាមិនខាន»។
ដោយឡែកបើតាមក្រសួងការបរទេសកម្ពុជា ប្រកាសថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូសឺមីតស៊ូ ម៉ូតេហ្គិ (Toshimitsu Motegi) នឹងមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហានេះ។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនោះ លោក តូសឺមីតស៊ូ ម៉ូតេហ្គិ មានគម្រោងជួបជាមួយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ដោយ៖ស តារា