លោក ជិន ម៉ាលីន​ ៖ ​ក្រុម​ណាមួយ​ព្យាយាម​ស្នើ​ឲ្យ​ជប៉ុន​ដាក់​សម្ពាធ​ និង​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​នឹង​ទទួល​បរាជ័យ

ចែករំលែក៖

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិនម៉ាលីន អះអាងថាក្រុមណាមួយដែលព្យាយាមស្នើឲ្យជប៉ុនដាក់សម្ពាធនិងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីបញ្ហាសិទ្ធិមនុស្សនឹងទទួលបរាជ័យយ៉ាងអាម៉ាស់មុខជាមិនខានឡើយ ការលើកឡើងបែបនេះរបស់លោក ជិន ម៉ាលីន បានធ្វើឡើងខណៈដែលមានដំណើរទស្សនកិច្ចផ្លូវការរបស់លោក រដ្ឋមន្ត្រីការបរទេសថ្មីជប៉ុន តូសឺមីតស៊ូ ម៉ូតេហ្គិ​(Toshimitsu Motegi) មកកាន់កម្ពុជា

អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងឆ្លើយតបទៅនឹងក្រុមណាមួយដែលមានបំណងចង់ស្នើឲ្យរដ្ឋមន្ត្រីការបរទេសជប៉ុនលើកឡើងពីបញ្ហាសិទ្ធិមនុស្សនិងដាក់គំនាបមកលើកម្ពុជា បន្ទាប់ពីថ្មីៗនេះក្រុមសិទ្ធិមនុស្សអន្តរជាតិ បានជំរុញទៅប្រមុខការទូតជប៉ុនឲ្យលើកយកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយសមភាគីកម្ពុជាអំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា។

ជាក់ស្តែងនៅលើហ្វេប៊ុរបស់លោក ជិន ម៉ាលីន បានសរសេរកាលពីថ្ងៃម្សិលមិញថា៖ ឆ្លងតាមបទពិសោធន៍នៃការសិក្សា និងរស់នៅប្រទេសជប៉ុនជាច្រើនឆ្នាំកន្លងមក លោកថា រដ្ឋាភិបាលជប៉ុនមានគោលនយោបាយការបរទេសជួយដល់ប្រទេសដទៃដោយផ្តោតលើការអភិវឌ្ឍជាធំ គោរពនូវអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ

លោក​​បន្តថា «​ការដែលក្រុមណាមួយព្យាយាមស្នើសុំឲ្យជប៉ុនដាក់សម្ពាធ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ នឹងច្បាស់ជាទទួលរងនូវភាពបរាជ័យយ៉ាងអាម៉ាស់ជាក់ជាមិនខាន​»​

ដោយឡែកបើតាមក្រសួងការបរទេសកម្ពុជា ប្រកាសថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូសឺមីតស៊ូ ម៉ូតេហ្គិ (Toshimitsu Motegi) នឹងមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហានេះ

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនោះ លោក តូសឺមីតស៊ូ ម៉ូតេហ្គិ មានគម្រោងជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print