រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន “បន្ទាត់​ក្រហម​៩​ឆ្នូត​” ដែល​ចិន​គូស​ព័ទ្ធ​យក​សមុទ្រ​ចិន​ខាងត្បូង​ ជាការ​ប្រតិដ្ឋ និង​ជាការ​ទន្ទ្រាន​ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅនេះ លោក Delfin Lorenzana រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានអះអាងថាបន្ទាត់ក្រហមឆ្នូត​” ដែលចិនគូសព័ទ្ធយកសមុទ្រចិនខាងត្បូងស្ទើរទាំងស្រុង ជាការប្រតិដ្ឋ និងជាការទន្ទ្រានខុសច្បាប់លើតំបន់ថ្មប៉ប្រះទឹក Scarborough ដែលហ្វីលីពីនទាមទារដែរ

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីហ្វីលីពីនធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសហ្វីលីពីន បានដាក់ការតវ៉ាតាមផ្លូវទូតជាមួយចិនជុំវិញការនេសាទនៅក្នុងតំបន់ជម្លោះមួយនេះ

សូមជម្រាបថា តំបន់ថ្មប៉ប្រះទឹកនេះ ត្រូវគ្រប់គ្រងដោយទីក្រុងប៉េកាំង បន្ទាប់ពីហ្វីលីពីន និងចិន បានប្រឈមគ្នានៅក្នុងឆ្នាំ២០១២ ជាក់ស្តែងនៅយប់ថ្ងៃទី២០ ខែសីហាថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ហ្វីលីពីន បានដាក់ការតវ៉ាតាមផ្លូវទូតជាមួយចិន ជុំវិញការរឹបអូសឧបករណ៍នេសាទត្រីរបស់ហ្វីលីពីន ពីសំណាក់ចិននៅសមុទ្រចិនខាងត្បូង ក្នុងការតវ៉ានេះ ហ្វីលីពីន បានចោទសកម្មភាពរឹបអូសពីសំណាក់ទូកយាមល្បាតរបស់ចិនដែលបានកើតឡើង កាលពីខែឧសភាកន្លងទៅ នៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough ជារឿងខុសច្បាប់

លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន​Delfin Lorenzana  ពាក់ព័ន្ធនឹងតំបន់ថ្មប៉ប្រះទឹកនេះ លោកក៏បានអះអាងយ៉ាងដូច្នេះថា «​តំបន់នោះ គឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់យើង​»​ ការហៅសិទ្ធិប្រវត្តិសាស្ត្រ ដែលមានយោងតាម «​បន្ទាត់ក្រហមឆ្នូត​» គឺមិនអាចកើតឡើងឡើយ ហើយវាគ្រាន់តែជាការស្រមៃរបស់ចិនតែប៉ុណ្ណោះ

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានបន្ថែមថា ទូកនេសាទ កប៉ាល់ និងយន្តហោះរបស់ហ្វីលីពីន គឺធ្វើសកម្មភាពដោយស្របច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ចំណែកសកម្មភាពរបស់ចិនវិញ គឺជាការគ្រប់គ្រងខុសច្បាប់ និងមិនមានសិទ្ធិចាប់បង្ខំឲ្យគោរពច្បាប់អ្វីឡើយ ព្រោះតំបន់ថ្មប៉ប្រះទឹក Scarborough គឺស្ថិតនៅចម្ងាយ ២៤០គីឡូម៉ែត្រ ពីភាគខាងលិចហ្វីលីពីន ខណៈចិន មានចម្ងាយរហូតដល់ ៦៥០គីឡូម៉ែត្រឯណោះ បើគិតពីខេត្តហៃណាន

ជាកស្តែងបច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានទាមទារស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដោយផ្អែកលើ​«​បន្ទាត់ក្រហមឆ្នូត​»​ ដោយការទាមទារនេះ ត្រូវបានជំទាស់ដោយវៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី នៅក្នុងឆ្នាំ ២០១៦ តុលាការជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ បានចេញសេចក្តីសម្រេចមួយ ដោយបញ្ជាក់ពីភាពខុសច្បាប់របស់ចិនលើសមុទ្រចិនខាងត្បូង និង​«​បន្ទាត់ក្រហមឆ្នូត​»​ ប៉ុន្តែចិន បានបដិសេដដាច់ខាតមិនទទួលស្គាល់សាលក្រមនេះទេ

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ជម្លោះនៅសមុទ្រចិនខាងត្បូង បានកើនឡើងកម្តៅជាថ្មី នៅពេលកន្លងមក ភាគីចិន និងអាមេរិកបានដំឡើងសាច់ដាក់គ្នា តាមរយៈសមយុទ្ធយោធា ខណៈអាស៊ានជំរុញឲ្យភាគីជម្លោះ ដោះស្រាយបញ្ហាដោយផ្អែកទៅតាមច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print