អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា នៅថ្ងៃទី២៣ ខែសីហាថ្មីៗនេះ លោកប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (Jair Bolsonaro) បានគំរាមដាល់អ្នកកាសែតកណ្តាលមាត់ ក្រោយអ្នកកាសែតចោទជាសំណួរទៅលោកជុំវិញរឿងពុករលួយដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយភរិយារបស់លោក ។
តាមចម្លើយគំរាមរបស់លោកប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ នៅពេលអ្នកកាសែតមកពីសារព័ត៌មាន O Globo បានលើកជាសំណួរទាក់ទងនឹងរឿងពុករលួយរបស់ភរិយាលោក អ្នកស្រី មីឈែល បុលសូណារ៉ូ លោកនិយាយថា៖ «ខ្ញុំ ចង់តែដាល់អ្នកកណ្តាលមាត់ទេ»។ ។ អ្នកកាសែតមកពីសារព័ត៌មាន O Globo ដែលត្រូវលោក បុលសូណារ៉ូ គំរាមនោះ ជាសមាជិករបស់ក្រុមអ្នកកាសែតដែលតែងទៅយកព័ត៌មានក្រោយលោក Bolsonaro ចេញពីវិហាគ្រឹស្តសាសនានៅរៀងរាល់ថ្ងៃអាទិត្យ។
សូមជម្រាបថា សំណួររបស់អ្នកកាសែត O Globo គឺផ្ដោតលើកសំណុំរឿងមួយដែលផ្សាយដោយទស្សនាវដ្ដី Cruseo ដែលបានភ្ជាប់អ្នកស្រី មីឈែល ទៅនឹងរឿងពុករលួយរបស់លោក ហ្វាប្រ៊ីស៊ីអូ កេរ៉ូស (Fabricio Queiroz) មិត្តភក្តិរបស់លោក បុលសូណារ៉ូ និងជាអតីតទីប្រឹក្សារបស់លោក ហ្វ្លាវីយ៉ូ បុលសូណារ៉ូ (Flavio Bolsonaro) កូនប្រុសលោកប្រធានាធិបតី ដែលជាបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា។
ជាក់ស្តែងបច្ចុប្បន្ននេះ លោក កេរ៉ូស និងលោក ហ្វ្លាវីយ៉ូ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីត្រូវបានសង្ស័យថា កិបកេងលុយរដ្ឋាភិបាលសម្រាប់បើកឲ្យមន្ត្រីរាជការនៅពេលលោក ហ្វ្លាវីអូ កាន់តំណែងជាសមាជិកសភានៅទីក្រុង Rio de Janeiro និងមុនពេលលោក បុលសូណារ៉ូ ឡើងកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។
ដោយឡែកបើយោងតាមទស្សនាវត្តី Cruseo ប្រាក់ដែលលោក កេរ៉ូស បានមកពីការកិបកេងនោះ ត្រូវបានដាក់ចូលក្នុងគណនីអ្នកស្រី មីឈែល ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ តែមិនបានបញ្ជាក់ចំនួនលុយឡើយ។ ភរិយាលោក បុលសូណារ៉ូ អះអាងថា អ្នកស្រីមិនដឹងអ្វីពីរឿងនេះឡើយ។
គួរបញ្ជាក់ផងដែរថា ក្រោយមានហេតុការណ៍គំរាមដាល់អ្នកកាសែតរបស់ខ្លួន សារព័ត៌មាន O Globo បានចេញសេចក្តីថ្លែងការណ៍ដោយថា អ្នកកាសែតរបស់ខ្លួនបំពេញការងារប្រកបដោយវិជ្ជាជីវៈ។ សារព័ត៌មានដ៏ធំរបស់ប្រេស៊ីលមួយនេះ បន្តថា ការគំរាមបង្ហាញថា លោក Jair Bolsonaro មិនទទួលស្គាល់កាតព្វកិច្ចជាមន្ត្រីសាធារណៈដែលមានទំនួលខុសត្រូវចំពោះមុខសាធារណៈជន៕ដោយ៖ស តារា