ទីបំផុត! បុរស​អូស្រ្តាលីដែល​សម្លាប់​មនុស្ស​៥១​នាក់​ កាលពី​ឆ្នាំមុននោះ​ ត្រូវតុលាការ​នូ​វែ​ល​សេ​ឡង់​ដាក់ទោស​មួយជីវិត​គ្មាន​ការលើកលែង

ចែករំលែក៖

អន្តរជាតិ៖ នេះជាលើកដំបូងបង្អស់ដែលតុលាការនូវែសេឡង់កាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហានេះ បានសម្រេចផ្តន្ទាទោសបុរសជនជាតិអូស្ត្រាលី Brenton Tarrant ឲ្យជាប់ពន្ធនាគារមួយជីវិត ដោយគ្មានការលើកលែងទោសចំពោះការបាញ់ប្រហារសម្លាប់នុស្ស៥១នាក់ ក្នុងវិហារឥស្លាមចំនួនពីរនៅទីក្រុង Christchurch កាលពីឆ្នាំ២០១៩

សូមជម្រាបថា ជនដៃដល់ Brenton Tarrant បានទទួលស្គាល់កំហុសចំពោះបទល្មើសឃាតកម្ម៥១ករណី ប៉ុនប៉ងសម្លាប់៤០ករណី និងភេរវកម្មលើការវាយប្រហារវិហារឥស្លាម នៅពេលប្រព្រឹត្តបទល្មើសជនដៃដល់ Tarrant ថែមទាំងបានផ្សាយផ្ទាល់តាមរៈបណ្តាញសង្គមFacebook​ថែមទៀតផង

លោក Cameron Mander ចៅក្រមតុលាការកំពូលនូវែសេឡង់ បានលើកឡើងថា៖ «​បទល្មើសរបស់អ្នកគឺអាក្រក់ខ្លាំង ដែលការឃុំខ្លួនអ្នករហូតដល់ស្លាប់ ក៏មិនទាន់អស់ទោស និងការនិន្ទាឡើយ​»​លោកចៅក្រមនៅពេលចេញសេចក្តីសម្រេចផ្តន្ទាទោស Tarrant បានបន្តថា ការដាក់ទោសពន្ធនាគាមួយជីវិតមិនគ្រប់គ្រាន់ឡើយ បើតាមដែលខ្ញុំអាចវែកញែកបាន អ្នកគ្មានសេចក្តីសណ្តោសចំពោះជនរងគ្រោះឡើយ

បើតាមទីភ្នាក់ងារព័ត៌មាន AFP ជនដៃដល់ Tarrant ក៏មិនជំទាស់ទៅនឹងការដាក់ទោសនេះឡើយព្រោះជាក់ស្តែងក្នុងសវនាការដែលចាប់ផ្តើមពីថ្ងៃទី២៤ សីហា រដ្ឋអាជ្ញាបានប្រាប់តុលាការថា Tarrant ចង់បង្កើតការភ័យខ្លាចចំពោះមនុស្សដែលរូបគេចាត់ថាជាអ្នកឈ្លៀនពានដូចជាជនមូស្លីម និងជនអន្តោប្រវេសន៍មិនមែនជាជាតិសាសន៍អឺរ៉ុបជាដើម រដ្ឋអាជ្ញានូវែសេឡង់បន្តថា Tarrant បានរៀបចំផែនការយ៉ាងប្រុងប្រយ័ត្តក្នុងការសម្លាប់រង្គាលឲ្យបានច្រើនបំផុត

សូមជម្រាបថា ក្នុងសវនាការ រយៈពេលថ្ងៃនេះ តុលាការបានស្តាប់សក្ខីកម្មរបស់សាក្សីច្រើនជាង៩០រូប ដែលរៀបរាប់ពីហេតុការណ៍ដ៏ភ័យរន្ធត់ស្តីពីការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនូវែសេឡង់ សវនាការនេះពុំអនុញ្ញាតឲ្យផ្សាយផ្ទាល់ជាសាធារណៈឡើយ ចំណែកឯការផ្សព្វផ្សាយតាមរយៈសារព័ត៌មានក៏មានការរឹតត្បិតដែរ ដើម្បីជៀសវាងជនដៃដល់ Tarrant ក្នុងការប្រើប្រាស់សវនាកា ជាវេទិកាផ្សព្វផ្សាយមនោគមន៍វិជ្ជាជ្រុលនិយម និងការស្អប់ខ្ពើមពូជសាសន៍

គួររម្លឹកផងដែរថា Tarrant ជាជនជាតិអូស្ត្រាលី មានអាយុ២៩ ឆ្នាំ បានមករស់នៅនូវែសេឡង់ក្នុងឆ្នាំ២០១៧ បុគ្គលរូបនេះ បានទិញកាំភ្លើង និងគ្រាប់កាំភ្លើងជាង៧០០០ បង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បុគ្គលខាងលើ បានបើកបាញ់ប្រហារ ដោយផ្សាយផ្ទាល់ក្នុងបណ្តាញសង្គម នៅក្នុងវិហារ Masjid Al Noor និង Linwood Masjid មុននឹងបន្តទៅវិហារទី ប៉ុន្តែត្រូវឃាត់ខ្លួនបានដោយប៉ូលិស

គួរបញ្ជាក់ថា មុននឹងធ្វើការវាយប្រហារនោះ ជនដៃដល់បានផ្ញើសេចក្តីប្រកាសកម្រាស់ ៧៤ទំព័រចូលគេហទំព័រជ្រុលនិយមមួយ ដែលរៀបរាប់ពីអ្វីដែលនឹងកើតឡើង និងផ្ញើសារអេឡិចត្រូនិប្រាប់សារព័ត៌មានពីការគំរាមវាយប្រហារវិហារសាសនាឥស្លាមផងដែរដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print