ទីបំផុត! បុរស​អូស្រ្តាលីដែល​សម្លាប់​មនុស្ស​៥១​នាក់​ កាលពី​ឆ្នាំមុននោះ​ ត្រូវតុលាការ​នូ​វែ​ល​សេ​ឡង់​ដាក់ទោស​មួយជីវិត​គ្មាន​ការលើកលែង

ចែករំលែក៖

អន្តរជាតិ៖ នេះ​ជា​លើកដំបូង​បង្អស់​ដែល​ តុលាការ​នូ​វែ​ល​សេ​ឡង់​ កាលពីថ្ងៃព្រហស្បតិ៍ទី​២៧ ខែសីហានេះ បានសម្រេច​ផ្តន្ទាទោស​ បុរស​ជនជាតិ​អូស្ត្រាលី Brenton Tarrant ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ដោយ​គ្មាន​ការលើកលែងទោស​ចំពោះ​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស​៥១​នាក់ ក្នុង​វិហារ​ឥស្លាមចំនួន​ពីរ​នៅ​ទីក្រុង Christchurch កាលពី​ឆ្នាំ​២០១៩​។

​សូមជម្រាបថា ជនដៃដល់ Brenton Tarrant បានទទួល​ស្គាល់​កំហុស​ចំពោះ​បទល្មើស​ឃាតកម្ម​៥១​ករណី ប៉ុនប៉ង​សម្លាប់​៤០​ករណី និង​ភេរវកម្ម​លើ​ការវាយប្រហារ​វិហារ​ឥស្លាម​។ នៅពេល​ប្រព្រឹត្ត​បទល្មើស​ជនដៃដល់ Tarrant ថែមទាំង​បាន​ផ្សាយ​ផ្ទាល់​តាម​រៈ​បណ្តាញ​សង្គមFacebook​ថែម​ទៀតផង​។​

លោក Cameron Mander ចៅក្រម​តុលាការ​កំពូល​នូ​វែ​ល​សេ​ឡង់ បានលើកឡើងថា៖ «​បទល្មើស​របស់​អ្នក​គឺ​អាក្រក់​ខ្លាំង ដែល​ការឃុំខ្លួន​អ្នក​រហូតដល់​ស្លាប់ ក៏​មិនទាន់​អស់​ទោស និង​ការ​និន្ទា​ឡើយ​»​។​ លោកចៅក្រម​ នៅ​ពេលចេញ​សេចក្តីសម្រេច​ផ្តន្ទាទោស Tarrant បានបន្តថា ការដាក់ទោស​ពន្ធនាគា​រ​មួយជីវិត​មិន​គ្រប់គ្រាន់​ឡើយ​។ បើតាម​ដែល​ខ្ញុំ​អាច​វែកញែក​បាន អ្នក​គ្មាន​សេចក្តី​សណ្តោស​ចំពោះ​ជនរងគ្រោះ​ឡើយ​ ។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ជនដៃដល់ Tarrant ក៏​មិន​ជំទាស់​ទៅនឹង​ការដាក់ទោស​នេះឡើយ​ ព្រោះជាក់ស្តែងក្នុង​សវនាការ​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ សីហា រដ្ឋអាជ្ញា​បាន​ប្រាប់​តុលាការ​ថា Tarrant ចង់​បង្កើត​ការភ័យខ្លាច​ចំពោះ​មនុស្ស​ដែល​រូបគេ​ចាត់​ថា​ជា​អ្នក​ឈ្លៀនពាន​ដូចជា​ជន​មូស្លីម និង​ជនអន្តោប្រវេសន៍​មិនមែនជា​ជាតិ​សាសន៍​អឺរ៉ុប​ជាដើម​។ រដ្ឋអាជ្ញា​នូ​វែ​ល​សេ​ឡង់​បន្តថា Tarrant បានរៀបចំ​ផែនការ​យ៉ាង​ប្រុង​ប្រ​យ័​ត្ត​ក្នុងការ​សម្លាប់​រង្គាល​ឲ្យ​បាន​ច្រើន​បំផុត​។​

​សូមជម្រាបថា ក្នុង​សវនាការ រយៈពេល​៤​ថ្ងៃនេះ តុលាការ​បាន​ស្តាប់​សក្ខីកម្ម​របស់​សាក្សី​ច្រើនជាង​៩០​រូប ដែល​រៀបរាប់​ពី​ហេតុការណ៍​ដ៏​ភ័យរន្ធត់​ស្តីពី​ការវាយប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ សវនាការ​នេះ​ពុំ​អនុញ្ញាត​ឲ្យ​ផ្សាយ​ផ្ទាល់​ជា​សាធារណៈ​ឡើយ ចំណែកឯ​ការផ្សព្វផ្សាយ​តាមរយៈ​សារព័ត៌មាន​ក៏​មានការ​រឹតត្បិត​ដែរ ដើម្បី​ជៀសវាង​ជនដៃដល់ Tarrant ក្នុងការ​ប្រើប្រាស់​សវនាកា​រ ជា​វេទិកា​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​ជ្រុលនិយម និង​ការ​ស្អប់ខ្ពើម​ពូជសាសន៍​។​

គួររម្លឹកផងដែរថា Tarrant ជាជនជាតិ​អូស្ត្រាលី មាន​អាយុ​២៩ ឆ្នាំ បានមក​រស់នៅ​នូ​វែ​ល​សេ​ឡង់​ក្នុង​ឆ្នាំ​២០១៧​។ បុគ្គល​រូបនេះ បាន​ទិញ​កាំភ្លើង និង​គ្រាប់កាំភ្លើង​ជាង​៧០០០ បង់​។ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ បុគ្គល​ខាងលើ បាន​បើក​បាញ់ប្រហារ ដោយ​ផ្សាយ​ផ្ទាល់​ក្នុង​បណ្តាញ​សង្គម នៅក្នុង​វិហារ Masjid Al Noor និង Linwood Masjid មុននឹង​បន្តទៅ​វិហារ​ទី​៣ ប៉ុន្តែ​ត្រូវ​ឃាត់ខ្លួន​បាន​ដោយ​ប៉ូលិស​។​

គួរបញ្ជាក់ថា មុន​នឹងធ្វើការវាយប្រហារ​នោះ ជនដៃដល់​បាន​ផ្ញើ​សេចក្តីប្រកាស​កម្រាស់ ៧៤​ទំព័រ​ចូល​គេហទំព័រ​ជ្រុលនិយម​មួយ ដែល​រៀបរាប់​ពីអ្វី​ដែល​នឹង​កើតឡើង និង​ផ្ញើ​សារ​អេ​ឡិច​ត្រូ​និ​ច​ប្រាប់​សារព័ត៌មាន​ពី​ការ​គំរាម​វាយប្រហារ​វិហារ​សាសនា​ឥស្លាម​ផងដែរ​៕​ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print