អន្តរជាតិ៖ បើតាមការប្រកាសរបស់រដ្ឋបាលក្រុងវូហាន កាលពីថ្ងៃទី២៨ ខែសីហាថ្មីៗនេះថា ទីក្រុងវូហាន គឺជាកន្លែងផ្ទុះកូរ៉ូណាវីរុសដំបូងគេបំផុតនៅចុងឆ្នាំ២០១៩ និងជាទីក្រុងដែលរងការអុកឡុកពីសំណាក់COVID-19 ខ្លាំងបំផុតនៅក្នុងប្រទេសចិន ។ ប៉ុន្តែពេលនេះទីក្រុងមួយនេះ ត្រៀមនឹងបើកសាលារៀនទាំងអស់ រួមទាំងថ្នាក់មតេយ្យផង នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Rueters។
នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលក្រុងវូហាន បន្ទាប់ពីអាជ្ញាធរត្រួតពិនិត្យឃើញថា គ្មានករណីឆ្លងអស់ជាច្រើនខែមកហើយ ។ បើគិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភាមក ទីក្រុងវូហាន មិនបានរាយការណ៍ពីករណីឆ្លងនៅក្នុងស្រុកនោះឡើយ។
បើតាមអាជ្ញាធរក្រុងវូហាន បានបញ្ជាក់ថា វិទ្យាស្ថានអប់រំប្រមាណ២៨៤២កន្លែងនៅក្នុងទីក្រុង ដែលមានសិស្សប្រមាណ ១,៤លាននាក់ នឹងបើកឲ្យចូលរៀនវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញាខាងមុខ។ ចំណែកសកលវិទ្យាល័យ នឹងបើកឲ្យសិស្សចូលរៀនចាប់ពី៣១ ខែសីហា ខាងមុខ។ជាក់ស្តែងស្ថានការណ៍COVID-19 នៅក្នុងទីក្រុងកាន់តែស្ងៀមស្ងាត់ ទើបអាជ្ញាធរក្រុងវូហាន សម្រេចបើកសាលារៀនឡើងវិញដោយមានភ្ជាប់ជាមួយវិធានបង្ការ និងទប់ស្កាត់ករណីឆ្លង។
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់និស្សិត និងគ្រូបរទេស ប្រសិនបើមិនទទួលបានការជូនដំណឹងពីសាលារៀន ក៏មិនអាចត្រលប់មកសាលារៀនបានទេ។
ទន្ទឹមនឹងនេះ អាជ្ញាធរក្រុងវូហាន បានស្នើឲ្យសិស្សត្រូវពាក់ម៉ាស់ និងជៀសវៀងធ្វើដំណើរតាមមធ្យោបាយសាធារណៈ។ ចំណែកសាលារៀនវិញ ត្រូវមានសម្ភារទប់ស្កាត់COVID-19 និងត្រូវត្រៀមខ្លួនទប់ស្កាត់ករណីផ្ទុះថ្មីកើតឡើង។ ដោយឡែកអាជ្ញាធរក្រុងវិញ ក៏បានរៀបចំគម្រោងអាសន្ន សម្រាប់ពេលមានករណីថ្មីផ្ទុះឡើងផងដែរ។
បើគិតមកត្រឹមថ្ងៃទី២៩ ខែសីហាម្សិលមិញនេះ ចិនមានករណីឆ្លងCOVID-19 សរុបចំនួន ៨៥០២២ករណី អ្នកស្លាប់មានចំនួន ៤៦៣៤នាក់និងអ្នកជាសះស្បើយមានចំនួន ៨០១២៦នាក់៕ដោយ៖ស តារា