នៅ​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខនេះ! ទីក្រុង​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង​គេ​បំផុត ត្រៀម​បើក​សាលារៀន​ទាំងអស់

ចែករំលែក៖

អន្តរជាតិ៖ បើតាម​ការប្រកាស​របស់​រដ្ឋបាល​ក្រុង​វូ​ហាន កាលពីថ្ងៃទី​២៨ ខែសីហាថ្មីៗនេះថា ទីក្រុង​វូ​ហាន គឺជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង​គេ​បំផុតនៅ​ចុងឆ្នាំ​២០១៩  និង​ជាទី​ក្រុង​ដែល​រង​ការអុកឡុក​ពី​សំណាក់​COVID-19 ខ្លាំង​បំផុត​នៅក្នុង​ប្រទេស​ចិន ។ ប៉ុន្តែពេលនេះទីក្រុងមួយនេះ ត្រៀមនឹង​បើក​សាលារៀន​ទាំងអស់ រួមទាំង​ថ្នាក់​មតេយ្យ​ផង នៅ​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខ​ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Rueters​។

នៅក្នុងសេចក្តីប្រកាស​របស់​រដ្ឋបាលក្រុង​វូ​ហាន បន្ទាប់ពី​អាជ្ញាធរត្រួតពិនិត្យឃើញថា គ្មាន​ករណី​ឆ្លង​អស់​ជាច្រើន​ខែ​មកហើយ ។ បើគិតចាប់តាំងពី​ថ្ងៃទី​១៨ ខែឧសភា​មក ទីក្រុង​វូ​ហាន មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង​នៅក្នុង​ស្រុក​នោះឡើយ​។

​បើតាម​អាជ្ញាធរ​ក្រុង​វូ​ហាន បានបញ្ជាក់ថា វិទ្យាស្ថាន​អប់រំ​ប្រមាណ​២៨៤២​កន្លែង​នៅក្នុង​ទីក្រុង ដែលមាន​សិស្ស​ប្រមាណ ១,៤​លាន​នាក់ នឹង​បើក​ឲ្យ​ចូលរៀន​វិញ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខ​។ ចំណែក​សកល​វិទ្យាល័យ នឹង​បើក​ឲ្យ​សិស្ស​ចូលរៀន​ចាប់ពី​៣១ ខែសីហា ខាងមុខ​។ជាក់ស្តែងស្ថានការណ៍​COVID-19 នៅក្នុង​ទីក្រុង​កាន់តែ​ស្ងៀមស្ងាត់ ទើបអាជ្ញាធរ​ក្រុង​វូ​ហាន សម្រេច​បើក​សាលារៀន​ឡើងវិញដោយមាន​ភ្ជាប់​ជាមួយ​វិធាន​បង្ការ និង​ទប់ស្កាត់​ករណី​ឆ្លង​។

​ប៉ុន្តែទោះជាយ៉ាងណា សម្រាប់​និស្សិត និង​គ្រូ​បរទេស ប្រសិនបើ​មិន​ទទួលបាន​ការជូនដំណឹង​ពី​សាលារៀន ក៏​មិនអាច​ត្រលប់មក​សាលារៀន​បានទេ​។

​ទន្ទឹមនឹងនេះ អាជ្ញាធរក្រុងវូហាន បានស្នើ​ឲ្យ​សិស្ស​ត្រូវ​ពាក់​ម៉ាស់ និង​ជៀសវៀង​ធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ​។ ចំណែក​សាលារៀន​វិញ ត្រូវមាន​សម្ភារ​ទប់ស្កាត់​COVID-19 និង​ត្រូវ​ត្រៀមខ្លួន​ទប់ស្កាត់​ករណី​ផ្ទុះ​ថ្មី​កើតឡើង​។ ដោយឡែក​អាជ្ញាធរ​ក្រុង​វិញ ក៏បាន​រៀបចំ​គម្រោង​អាសន្ន សម្រាប់​ពេល​មាន​ករណី​ថ្មី​ផ្ទុះឡើង​ផងដែរ​។

​បើគិត​មក​ត្រឹម​ថ្ងៃទី​២៩ ខែសីហាម្សិលមិញនេះ ចិន​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៨៥០២២​ករណី អ្នកស្លាប់​មាន​ចំនួន ៤៦៣៤​នាក់និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៨០១២៦​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print