ក្រោយប្រមុខ​ការទូត​ចិន​លោក វ៉ាង យី ព្រមានលោកប្រធានព្រឹទ្ធសភា​ឆេក​ ត្រូវបានក្រសួងការបរទេស​ឆេក ​កោះហៅ​បេសកជន​ចិន​ប្រចាំ​ទីក្រុង​ប្រាក ​ដើម្បី​ស្ដាប់​ការពន្យល់

ចែករំលែក៖

អន្តរជាតិ៖ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងការបរទេសប្រទេស​ឆេក បាន​កោះហៅ​បេសកជន​ចិន​ប្រចាំ​ទីក្រុង​ប្រាក ​ដើម្បី​ស្ដាប់​ការពន្យល់​ទាក់ទង​ការ​គំរាម​របស់​លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លើ​ប្រធានព្រឹទ្ធសភា​ឆេក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​។ ប៉ុន្តែជុំវិញបញ្ហានេះក្រសួងការបរទេស​ចិន​ ក៏បាន​កោះហៅ​អគ្គរដ្ឋទូត​ឆេក​ប្រចាំ​ប៉េកាំង ​ដើម្បី​តវ៉ា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានព្រឹទ្ធសភា​ឆែក​ផងដែរ ។ ខណៈដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក Vystrcil ទៅកាន់ទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ បានបំពានលើគោលនយោបាយ «ចិនតែមួយ»។

​មិនតែប៉ុណ្ណោះលោករដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ថែមទាំង​ព្រមាន​ចំៗ​ថា លោក Vystrcil នឹង​ទទួលផល​តបស្នង​ចំពោះ​ទង្វើ​របស់ខ្លួន​ទៀតផង​។​ សូមជម្រាបថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Milos Vystrcil ប្រធានព្រឹទ្ធសភា​ឆែក និង​ជា​អ្នកនយោបាយ​ប្រឆាំង​នៅ​កោះតៃវ៉ាន់ កំពុង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាងរដ្ឋាភិបាល​ឆេក និងរដ្ឋាភិបាល​ចិន​ល្អក់កករ​ខ្លាំង​។ ចិន​ខឹងសម្បារ​ជាខ្លាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកVystrcil ទៅកាន់​តៃវ៉ាន់​ដែល​ខ្លួន​ចាត់ទុកជា​អាណាខេត្ត​របស់ខ្លួន​មួយ​នោះ ហើយ​ចាត់ទុកជា​ការបំពាន​គោលនយោបាយ​ចិន​តែមួយ​ទៀតផង​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែលដកស្រង់សម្តីលោករដ្ឋមន្ត្រីការបរទេស​ឆេក Tomas Petricek លើកឡើងថា លោក​រំពឹងថា ចិន​នឹង​ពន្យល់​សម្ដី​របស់លោក វ៉ាង យី ឲ្យ​ច្បាស់ ​។​ បន្ទាប់លោក វ៉ាង យី បានប្រើសម្ដី​ព្រមាន​ខ្លាំងៗ​ ធ្វើ​ឲ្យ​ទីក្រុង​ប្រាក​មិន​សប្បាយចិត្ត​ឡើយ​។ក្រោយមកនៅ​ថ្ងៃទី​៣១ ខែសីហាម្សិលមិញនេះ ក្រសួងការបរទេស​ឆេក ​បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អនុរដ្ឋមន្ត្រី​ការបរទេសMartin Tlapa បាន​អញ្ជើញ​អគ្គរដ្ឋទូត​ចិន​ទៅ​សួរនាំ​ពី​សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​ចិន និង​ប្រាប់ថា ឆេក​មិន​យល់​ស្របតាម​ការនិយាយ​បែបនេះ​ឡើយ​។

លោក Petricek និយាយ​នៅ​ថ្ងៃទី​៣១ ខែសីហា ដោយ​សំដៅ​ទស្សនកិច្ច​លោក Vystrcil និង​ការព្រមាន​ចាត់វិធានការ​របស់​ចិន​ថា៖ «​ច្បាស់​ណាស់ ដំណើរ​ទស្សនកិច្ច​នេះ ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ចិន ប៉ុន្តែ​ខ្ញុំ​គិតថា វា​ហាក់​ទៅ​ហួសពេក​ហើយ​។​» នាយករដ្ឋមន្ត្រី​ឆេក លោកAndrej Babis វិញ ក៏​ប្រតិកម្ម​នឹង​សម្ដី​លោក វ៉ាង ដែរ ដោយ​ចាត់ទុកជា​រឿង​មិន​សមរម្យ​។​

​ខណៈ​លោក Vystrcil កំពុង​ស្ថិតនៅ​តៃវ៉ាន់​នៅឡើយ ហើយក្រសួងការបរទេស​ចិន ក៏​បានចេញ​សេចក្ដីប្រកាស​មួយ ដោយ​បញ្ជាក់ថាអនុរដ្ឋមន្ត្រី​ការបរទេស Qin Gang ក៏បាន​កោះហៅ​បេសកជន​ឆេក Vladimir Tomsik ដើម្បី​តវ៉ា​ផងដែរ​។ លោក Qin អះអាងថា ទស្សនកិច្ច​របស់​ប្រធានព្រឹទ្ធសភា​ឆេក បាន​បំពាន​ធ្ងន់ធ្ងរ​អធិបតេយ្យ​របស់​ចិន និង​ថា ទីក្រុង​ប៉េកាំង​នឹង​ចាត់វិធានការ​ដើម្បី​ការពារ​ប្រយោជន៍​ស្របច្បាប់​របស់ខ្លួន​។​

បើមែនទែនទៅ រដ្ឋាភិបាល​ឆេក ក៏​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ​ដែរ ដោយ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។ កន្លងទៅ ឆេក ក៏​មិនបាន​បញ្ជូន​ប្រតិភូ​ណាមួយ​ទៅកាន់​តៃវ៉ាន់​ជា​ផ្លូវការ​ដែរ​។ ចំណែក​លោក Vystrcil វិញ ជា​អ្នកនយោបាយ​មកពី​ក្រុម​ប្រជាធិបតេយ្យ​ស៊ីវិល​ដែលជា​ក្រុមប្រឆាំង​នៅ​ឆេក ហើយ​ត្រូវ​ជឿថា មិន​ជាប់​កាតព្វកិច្ច​អ្វី​ទាក់ទង​នឹង​នយោបាយ​ចិន​តែមួយ​ដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print