អន្តរជាតិ៖ និស្សិតស្រីម្នាក់ វ័យ២១ឆ្នាំ ក្នុងចំណោមមេដឹកនាំក្រុមនិស្សិត ដើម្បីធ្វើបាតុកម្មទាមទារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបញ្ចប់ឥទ្ធិពលយោធានៅក្នុងសង្គមថៃ ត្រូវបានប៉ូលិសថៃ ឃាត់ខ្លួននៅទីក្រុងបាងកក កាលពីថ្ងៃទី១ ខែកញ្ញាម្សិលមិញនេះ ពីបទបំពានសន្តិសុខផ្ទៃក្នុង និងមិនគោរពបម្រោមទប់ស្កាត់COVID-19។
ទាក់ទិននឹងបាតុកម្មនេះ ប៉ូលីសថៃ បានឃាត់ខ្លួនបាតុករជាបន្តបន្ទាប់ ក្នុងនោះមានដូចជា៖ មេធាវីសិទ្ធិមនុស្ស Anon Nampa តារាចម្រៀងរ៉េប និងសកម្មជនមួយចំនួន។ ប៉ុន្តែអ្នកទាំងនោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំអស់ហើយ។ ខណៈការធ្វើបាតុកម្មនេះ ចាប់តាំងពីថ្ងៃទី១៨ខែកក្កដា កន្លងមក ដោយក្រុមនិស្សិតថៃ បានធ្វើបាតុកម្មស្ទើរតែរាល់ថ្ងៃ ដើម្បីទាមទារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបញ្ចប់ឥទ្ធិពលយោធានៅក្នុងសង្គមថៃ។ លើសពីនេះ ក្រុមបាតុករមួយចំនួន ក៏បានទាមទារឲ្យធ្វើកំណែទម្រង់លើស្ថាប័នមហាក្សត្រថៃផងដែរ។
ជាក់ស្តែងរហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្រាប់តែប៉ូលីសថៃ បានឃាត់ខ្លួនប្រធានសហព័ន្ធនិស្សិតថៃម្នាក់ទៀត ពីបទបំពានច្បាប់សន្តិសុខផ្ទៃក្នុង និងបទបញ្ញាត្តិCOVID-19 ដែលហាមក្នុងការជួបប្រជុំ។ ប្រធានសហព័ន្ធនិស្សិតថៃរូបនេះ គឺមានឈ្មោះJutatip Sirikhan និងមានវ័យ ២១ឆ្នាំ។ កញ្ញា Jutatip ត្រូវបានប៉ូលីសឃាត់ខ្លួន ក្នុងអំឡុងពេលជិះតាក់ស៊ី ទៅសកលវិទ្យាល័យ ក្នុងទីក្រុងបាងកក។
សូមជម្រាបថា ក្នុងអំឡុងពេលប៉ូលីសឃាត់ខ្លួននោះ ប្រធានសហព័ន្ធនិស្សិតថៃរូបនេះ ក៏បានថតវីដេអូមួយ និងបង្ហោះនៅលើបណ្តាញសង្គមFacebook របស់ខ្លួនផងដែរ ដោយបញ្ជាក់ថា៖«យើងចាប់ខ្លួន ដោយផ្អែកតាមដីកាឲ្យចាប់ខ្លួនលើការតវ៉ា នៅថ្ងៃទី១៨ ខែកក្កដា»។ នេះបើការបញ្ជាក់របស់ប៉ូលិសបាងកកដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ បាតុករថៃ ដែលមានចំនួនយ៉ាងហោចណាស់ ១ម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្មដ៏ធំបំផុតតាំងតែពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដោយទាមទារឲ្យមានកំណែទម្រង់នយោបាយ។ បន្ថែមពីលើនេះ ក្រុមបាតុករបានដាក់សំណើរទាមទារឲ្យរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា រំលាយរដ្ឋសភា វិសោធនកម្មរដ្ឋធម្មនុញ្ញ បញ្ឈប់ការបំពានដោយមន្ត្រីរដ្ឋាភិបាល និងបញ្ហាផ្សេងទៀត៕ដោយ៖ស តារា