ក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ខ្ពស់ បំពេញការងារយូរឆ្នាំ ព្រមទាំងក្រុមគ្រូពេទ្យវ័យក្មេងបានសម្រេចចិត្តវិលត្រឡប់ទៅធ្វើការវិញហើយ ក្រោយរយៈពេលជាង២សប្តាហ៍ធ្វើកូដកម្ម បន្ទាប់ពីរដ្ឋាភិបាល និងតំណាងក្រុមគ្រូពេទ្យបានព្រមព្រៀងគ្នាស្តីពីការកែទម្រង់វិស័យសុខាភិបាល។
កាលពីថ្ងៃទី២១ ខែសីហា ក្រុមគ្រូពេទ្យ និងសមាគមនិស្សិតពេទ្យហាត់ការងារ (ពេទ្យស្តារ) បាននាំគ្នាប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាល ដែលបង្កើនចំនួននិស្សិតពេទ្យ ក៏ដូចជាបង្កើនសាលាពេទ្យឯកជន។ សមាគមគ្រូពេទ្យកូរ៉េខាងត្បូង (KMA) មានសមាជិក១៣០ពាន់នាក់ បានគាំទ្រដល់សកម្មភាពធ្វើកូដកម្មរបស់ក្រុមគ្រូពេទ្យ ដោយប្រកាសថាចំនួនគ្រូពេទ្យប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានឡើងគម្រោងបង្កើនចំនួននិស្សិតពេទ្យ បន្ថេម៤ពាន់នាក់ទៀត ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីត្រៀមលក្ខណៈទប់ស្កាត់ពេលមានវិបត្តិកើតឡើង ដូចជាការឆ្លងរាលដាលជំងឺកូវីដ-១៩ជាដើម។ ចំណែកសមាគមគ្រូពេទ្យវិញបានលើកឡើងថា ចំនួនគ្រូពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺហើយ។
តាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី៤ ខែកញ្ញា រដ្ឋាភិបាលនឹងមិនអនុវត្តគម្រោងបង្កើនចំនួនក្រុមគ្រូពេទ្យ ដូចការចង់បានរបស់ក្រុមគ្រូពេទ្យ។ ពាក់ព័ន្ធនឹងកូវីដ-១៩វិញ នៅថ្ងៃទី៤ខែកញ្ញានេះ កូរ៉េខាងត្បូងមានអ្នកឆ្លង១៩៨នាក់ ក្នុងរយៈពេល២៤ម៉ោងធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ២០.៨៤២ នាក់ ៕