អន្តរជាតិ៖ ដើម្បីទទួលស្វាគមន៍ នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ចូលឲ្យបានកាន់តែច្រើន នៅកំពង់ផែត្រុមសូ (Tromsø) ក្នុងតំបន់មហាសមុទ្រទឹកកកអាក់ទិច នៃភាគខាងជើងប្រទេសន័រវែស ពេលនេះរដ្ឋាភិបាលន័រវែសបានពង្រីកកំពង់ផែខ្លួនឲ្យកាន់តែធំបន្ថែមទៀត ។
បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ដោយផ្អែកលើការចុះផ្សាយពីសារព័ត៌មាន Breaking Defence បាននិយាយថា៖ ហេដ្ឋារចនាសម្ព័ន្ធថ្មីកំពងផែខាងលើ អាចនឹងជួយសម្រួលឱ្យនាវាមុជទឹកអាមេរិក និងអង្គការ NATO បំពេញការផ្គត់ផ្គង់ និងការដាក់ពង្រាយ ឬឈរជើងសម្រាប់រយៈពេលវែង នៅក្នុងតំបន់អាក់ទិច។
គួរបញ្ជាក់ថា កំពង់ផែ Tromsø មានទីតាំងស្ថិតនៅចំងាយ ៣០០គីឡូម៉ែត្រ ពីតំបន់ខ្សែបន្ទាត់វង្វង់អាក់ទិច (Arctic Circle) ដែលត្រូវចាត់ទុកជាខ្សែព្រំដែននៃមហាសមុទ្រទឹកកលអាក់ទិច ហើយកំពុងផែមួយនេះ គឺជាមូលដ្ឋានដ៏សំខាន់មួយ ឱ្យយោធាអាមេរិក ធ្វើសកម្មភាពបានកាន់តែទូលំទូលាយ នៅក្នុងតំបន់ទាំងមូល ខណៈរុស្ស៊ីបច្ចុប្បន្ន គឺជាប្រទេសដែលមានឥទ្ធិពលជាគេបំផុត នៅក្នុងតំបន់នេះ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ នាវាមុជទឹកនុយក្លេអ៊ែរចចកសមុទ្ររបស់អាមេរិក (USS Seawolf) បានបំពេញទស្សនកិច្ចមកកាន់កំពង់ផែ Tromsø តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបាញ់សាកល្បងគ្រាប់រ៉ុក្កែត។ USS Seawolf គឺជានាវាមុជទឹកមានសមត្ថភាពខ្ពស់ ក្នុងការប្រមូលព័ត៌មាន និងស៊ើបការណ៍សំងាត់៕ដោយ៖ស តារា