មេដឹកនាំសិង្ហ​បុរី អះអាងថា​៖ ទាំង​រដ្ឋាភិបាល និង​បក្សប្រឆាំង ទោះ​មាន​និន្នាការ​ផ្ទុយគ្នា​ក៏ដោយ តែត្រូវ​រួមគ្នាធ្វើការ​ដើម្បី​ជាតិ

ចែករំលែក៖

អន្តរជាតិ៖ កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានក្រើនរម្លឹកត្រង់ៗថា ទាំងរដ្ឋាភិបាល និងបក្សប្រឆាំង ទោះមាននិន្នាការផ្ទុយគ្នាក៏ដោយ ភាគីទាំងពីរ ត្រូវតែធ្វើការដើម្បីប្រទេស មិនមែនដើម្បីផលប្រយោជន៍បក្សពួករបស់ខ្លួននោះទេ ការលើកឡើងបែបនេះរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានធ្វើឡើងតាមរយៈវេទិកាដ៏សំខាន់ជាសាធារណៈលើកដំបូងទៅកាន់សភាជាតិរបស់ខ្លួនស្តីពីគោលនយោបាយជាតិសម្រាប់អាណត្តិដឹកនាំថ្មី នៃបក្សកាន់អំណាច និងរដ្ឋាភិបាលបច្ចុប្បន្ន

លោកនាយករដ្ឋមន្ត្រី លី សៀនឡុង ថ្លែងក្នុងវេទិកាលើកដំបូងក្នុងអាណត្តិថ្មីនៃការដឹកនាំរដ្ឋាភិបាលសិង្ហបុរី លោក បានបង្ហាញពីផែនការជាច្រើនដែលត្រូវធ្វើក្នុងនាមរដ្ឋាភិបាលនៃបក្សកាន់អំណាច រួមមានដូចជា៖ ការកសាងកុងសង់ស៊ីសនយោបាយ​, ការពង្រឹងប្រព័ន្ធសុខាភិបាលទប់ស្កាត់ការផ្ទុះជំងឺរាតត្បាតផ្សេងៗ​, គោលនយោបាយពលករបរទេស​, ស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាការរក្សាឲ្យបានពីលក្ខណៈពិសេសនៃនយោបាយ និងរដ្ឋាភិបាលសិង្ហបុរី

នាឱកាសនោះដែរ ក្នុងចំណោមបញ្ហាជាច្រើនខាងលើ លោកនាយករដ្ឋមន្ត្រី បានផ្តោតសំខាន់លើតួនាទីរបស់រដ្ឋាភិបាល និងបក្សប្រឆាំងលោកនាយករដ្ឋមន្ត្រី លើកឡើងថា រដ្ឋាភិបាល នឹងនៅតែបន្តអនុវត្តការងារបែបចំហរ និងស្ថាបនា ក្នុងការពិភាក្សាលើគោលនយោបាយនិងបញ្ហា និងស្តាប់រាប់យោបល់និងទស្សនៈ ទោះបីជាមាននិន្នាការផ្ទុយគ្នាក៏ដោយនេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia

លោក លី សៀនឡុងអះអាងថា ភាពជោគជ័យមួយក្នុងការស្វែងដំណោះស្រាយដ៏ត្រឹមត្រូវលើបញ្ហារបស់សិង្ហបុរី អាស្រ័យលើបរិយាកាសនយោបាយល្អប្រសើរ លោក បន្តថា កន្លងមកសិង្ហបុរី សម្រេចបានកុងសង់ស៊ីសនយោបាយក្នុងកម្រិតខ្ពស់មួយលើបញ្ហាជាច្រើនពាក់ព័ន្ធនឹងសង្គម និងសេដ្ឋកិច្ច ដែលចំណុច លោកនាយករដ្ឋមន្ត្រី ចង់បង្ហាញថា ការចេះធ្វើការរបស់រដ្ឋាភិបាល និងបក្សប្រឆាំងនេះហើយ ដែលជាហេតុផលចម្បងមួយធ្វើឲ្យសិង្ហបុរីមានការលូតលាស់ឆាប់រហ័ស

បន្ថែមពីនេះទៅទៀត ប្រមុខដឹកនាំរដ្ឋាភិបាលសិង្ហបុរីរូបនេះ បានគូសបញ្ជាក់ថា៖ លោក បានស្តាប់ការលើកឡើងនូវគោលនយោបាយ និងជំហររបស់មេដឹកនាំបក្សប្រឆាំង ហើយលោក ក៏បានសាទរ និងស្វាគមន៍នឹងធ្វើការជាមួយបក្សប្រឆាំង តាមរយៈការជជែកដេញដោលបែបស្ថាបនាក្នុងក្របខណ្ឌសភា ក៏ប៉ុន្តែសម្រាប់លោក ការជជែក ត្រូវតែផ្អែកលើគោលការណ៍ និងការពិត

មិនតែប៉ុណ្ណោះលោក លី សៀនឡុងសង្កត់ធ្ងន់ថា៖ ដើម្បីឲ្យនយោបាយរបស់សិង្ហបុរីបន្តដើរទៅមុខ ទាំងរដ្ឋាភិបាល និងក្រុមប្រឆាំងត្រូវតែបង្ហាញគោលបំណងរួម ដើម្បីធ្វើការដើម្បីសិង្ហបុរី និងមិនមែនគ្រាន់តែដើម្បីបក្ស អ្នកគាំទ្ររបស់ខ្លួនឡើយ ជាមួយគ្នានេះ ប្រមុខបក្សកាន់អំណាចសិង្ហបុរីរូបនេះ ក៏បានរំពឹងផងដែរថា បក្សប្រឆាំង នឹងអាចធ្វើការមិនត្រឹមតែការចោទសួរ និងរិះគន់លើសំណើរដ្ឋាភិបាលប៉ុណ្ណោះនោះទេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print