ភ្នំពេញ ៖ គួរឲ្យអាណោចអាធ័មពេកណាស់ ខណ:ដែលបុរសពិការជើងម្ខាងម្នាក់បែកក្បាលស្លាប់ក្នុងថ្លុកឈាម និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូវីវ៉ាបុកជាមួយរថយន្តសណ្ដោងដឹកគ្រឿងចក្រ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សកែងនិឹងផ្លូវលេខ២៧១ (ច្រមុះជ្រូកក្បាលថ្នល់) ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពបុរសរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
បេីយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តសណ្ដោងសម្រាប់ដឹកគ្រឿងចក្រ ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 3.2631ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើង ឆ្លងភ្លើងស្តុបក្បាលថ្នល់ ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឡើងមកផ្លូវព្រះមុនីវង្ស ស្របពេលនោះក៏មានបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BS 7528 ឌុបគ្នាតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏ទៅបុករថយន្តដឹកគ្រឿងចក្រពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសជនពិការជើងម្ខាងដែលអង្គុយខាងក្រោយបែកក្បាលស្លាប់គួរឲ្យអាណោចអាធ័ម និងបុរសជាអ្នកឌុបរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កខាងលេីបានព្យាយាមបើករត់ប្រមាណជាងមួយរយម៉ែត្រ ទេីបតៃកុងបានឈប់រថយន្តចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ