អង្គការ​សុខភាព​ពិភពលោក WHO៖ កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ចិន

ចែករំលែក៖

អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​និយាយនៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៧ ខែកញ្ញាថ្មីៗនេះថា៖WHO កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ចិន ដោយទាក់ទង​ទៅនឹង​លក្ខខណ្ឌ​សម្រាប់​ទទួលបាន​ការអនុញ្ញាត​ជា​អន្តរជាតិ​សម្រាប់​ប្រើប្រាស់​វ៉ាក់សាំង​ណាមួយ​។ ខណៈ​បច្ចុប្បន្ននេះ មាន​វ៉ាក់សាំង​ចំនួន​៨​ដែល​កំពុង​ដាក់​ឲ្យ​ធ្វើតេស្ត​ដំណាក់​កាលពី​៣ ក្នុងនោះ​មាន​៤​ជា​របស់​ក្រុមហ៊ុន​ចិន ។​

​សូមជម្រាបថា រហូតមកទល់ពេលនេះ វ៉ាក់សាំង​ចំនួន​៤​ប្រភេទ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Sinovac និង CNBG ខណៈដែលវ៉ាក់សាំង​ទាំង​៤ប្រភេទនេះ ឈានដល់​ការធ្វើ​តេស្ត​ដំណាក់​កាលបី ដែលជា​ការធ្វើ​តេស្ត​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​លើ​មនុស្ស​ច្រើន​ពាន់​នាក់​ ។​ ព្រោះក្រុមហ៊ុន​ចិន ហាក់​ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 ។

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ ដែលដកស្រង់ប្រភពពីអង្គការWHO បាន​អះអាង​ទៀតថា៖ ស្ថាប័ន​សុខាភិបាល​អន្តរជាតិ​មួយ​នេះកំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ចិន​លើ​លក្ខខណ្ឌ​ក្នុងការ​អនុញ្ញាត​ជា​អន្តរជាតិ​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង COVID-19 ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​ចិន​។​

ដោយឡែកលោកស្រី Mariangela Simao ជំនួយការ​អគ្គនាយក​អង្គការ WHO បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃទី​៧ខែកញ្ញានេះថា៖​ «​ការិយាល័យ WHO នៅ​ចិន និង​ទីស្នាក់ការ​កណ្តាល​របស់​WHO កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ចិន​»​។ លោកស្រី​ សង្កត់ធ្ងន់ថា WHO និង​អាជ្ញាធរ​ចិន​កំពុង​ទាក់ទង​គ្នា​ដោយផ្ទាល់ ដោយបាន​ចែករំលែក​ព័ត៌មាន និង​លក្ខខណ្ឌ​ក្នុងការ​អនុញ្ញាត​ជា​អន្តរជាតិ​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​នានា​។​

​ជាក់ស្តែងបច្ចុប្បន្ននេះ វ៉ាក់សាំង​របស់​ចិន​ឈ្មោះ CoronaVac របស់​ក្រុមហ៊ុន Sinovac ត្រូវបាន​ធ្វើតេស្ត​ទៅលើ​មនុស្ស​ចំនួន​វ័យ​ចំណាស់​ដែលមាន​អាយុ​យ៉ាងតិច​៦០​ឆ្នាំ ចំនួន​៤១២​នាក់ ដោយ​ពុំមាន​ចេញ​ផលប៉ះពាល់​ឡើយ​ក្នុងដំណាក់កាល​ទី​១ និង​ទី​២​។ ក្នុងការ​ធ្វើតេស្ត​នេះដោយ​អ្នក​ដែល​ត្រូវបាន​ជ្រើសរើស ត្រូវ​ទទួល​វ៉ាក់សាំង​២​ដូ​ស​ក្នុង​កម្រិត​ទាប មធ្យម និង​ខ្ពស់​។ ព្រោះវ៉ាក់សាំង​នេះ កំពុងស្ថិតក្នុង​ការសាកល្បង​នៅ​ប្រទេស​ជាច្រើន​ប្រទេស​មាន​ប្រ​ស៊ី​ល និង​ឥណ្ឌូណេស៊ី​។​

ដោយឡែកអ្នកនាំពាក្យ​ក្រុមហ៊ុន Sinovac លោក Liu Peicheng បាន​អះអាងថា វ៉ាក់សាំង​ដែល​ធ្វើតេស្ត អាច​រក្សាទុក​បាន​រយៈ​ពេល​៣​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​វ៉ាក់សាំង​នេះ​មានប្រៀប​ជាង​វ៉ាក់សាំង​ដទៃទៀត ជាពិសេស​សម្រាប់​តំបន់​ដែល​មិនអាច​ស្តុក​វ៉ាក់សាំង​ក្នុង​សីតុណ្ហភាព​ត្រជាក់​បាន​។​ ដោយ​ក្រុមហ៊ុន Sinovacនេះ ក៏បានផ្តល់​វ៉ាក់សាំង​ដល់​បុគ្គលិក​ចំនួន​ជាង​៩០​ភាគរយ ដែលជា​ផ្នែក​មួយ​ក្នុងការ​បង្កើត​ភាពស៊ាំ​សម្រាប់​ក្រុមមនុស្ស​ដែល​ប្រឈមមុខ​ខ្ពស់​ទៅនឹង​ជំងឺ COVID-19 ។

​បន្ថែមពីនេះទៅទៀត វ៉ាក់សាំង​របស់​ចិន​ឈ្មោះ CoroVac នេះ ក្រុមហ៊ុន CNBG ក៏​កំពុង​សាកល្បង​វ៉ាក់សាំង​របស់ខ្លួន​ដែរ​។ ទោះ​ស្ថិតក្នុង​ការសាកល្បង​ក្ដី CNBG ប្រកាសថា មាន​ប្រទេស​ជាច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​របស់ខ្លួន​ជាច្រើន​លាន​ដូ​ស​រួចហើយ​ដែរ​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print