អន្តរជាតិ៖ ការស្លាប់របស់ត្រីនាំសំណាងមួយក្បាលដែលរស់នៅក្នុងស្រះមួយក្នុងបរិវេណសកលវិទ្យាល័យ Copperbelt University (CBU) នៃប្រទេសហ្សំប៊ី អស់រយៈពេលជាង ២០ ឆ្នាំមកហើយនោះ បានក្លាយជារឿងមួយគួរឲ្យចាប់អារម្មណ៍ ព្រោះសូម្បីតែប្រធានាធិបតីប្រទេសហ្សំប៊ីលោក Edgar Lungu ក៏បានចូលរួមកាន់ទុក្ខចំពោះការបាត់បង់ត្រីមួយក្បាលនេះផងដែរ។
ជាក់ស្តែងនៅដើមសប្តាហ៍ខែកញ្ញា ឆ្នាំ២០២០នេះ លោក Edgar Lungu ប្រធានាធិបតីប្រទេសហ្សំប៊ី បានចូលរួមកាន់ទុក្ខជាមួយប្រជាជនទូទៅ ជាពិសេសក្រុមនិស្សិតចំពោះការស្លាប់របស់ត្រីមួយក្បាលដែលពួកគេចាត់ទុកថាជា «ត្រីនាំសំណាង»។ ហេតុផលដែលធ្វើឲ្យត្រីនេះមានកេរឈ្មោះល្បាញល្បី គឺ ជំនឿរបស់សិស្សនិស្សិតនៃសាកលវិទ្យាល័យ CBU។ ពួកគេភាគច្រើនជឿថាត្រីនេះនាំមកនូវសំណាងល្អបើសិនជាពួកគេបួងសួងសុំមុនពេលប្រលង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC ។
សូមជម្រាបថា ត្រីនេះត្រូវបានគេដាក់ឈ្មោះថា៖ Mafishi ហើយសិស្សនិស្សិតដែលធ្លាប់សុំសំណាងល្អពេលប្រលងក៏នាំគ្នារៀបចំពិធីបួងសួងឧទ្ទិសកុសល និងកាន់ទុក្ខចំពោះត្រីនេះដែរ។
តំណាងក្រុមនិស្សិតម្នាក់ឈ្មោះ Lawrence Kasonde រៀបរាប់ថា Mafishi ដែលន័យថា « ត្រីធំ» តាមភាសាជាតិនោះអាចមានអាយុប្រហែល ២២ ឆ្នាំ ហើយត្រីនេះក៏បានរស់នៅក្នុងស្រះក្នុងបរិវេណសាកលវិទ្យាល័យអស់រយៈពេលជាង ២០ ឆ្នាំមកហើយដែរ។ លោក Kasonde បានបន្ថែមទៀតថា «វាមិនទាន់ត្រូវបានគេបញ្ចុះនៅឡើយទេ យើងកំពុងរៀបចំចាក់សារធាតុគីមីដើម្បីរក្សាសាកសព»។ចំណែកការស្លាប់របស់ត្រីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ដើម្បីឈានទៅកំណត់មូលហេតុពិតនៃការស្លាប់។
បើតាមសាររម្លែកទុក្ខរបស់ប្រធានាធិបតី Lungu បានបង្ហាញភាពសោកស្តាយចំពោះការស្លាប់របស់សត្វត្រីនេះ ក៏ដូចជាកោតសរសើរសិស្សនិស្សិតហ្សំប៊ីដែលយកចិត្តទុកដាក់ចំពោះសត្វត្រីនេះដែរ។ រីឯការកាន់ទុក្ខចំពោះការបាត់បង់ជីវិតរបស់ Mafishi ក៏ត្រូវបានរៀបចំទូទាំងប្រទេស។ មិនតែប៉ុណ្ណោះលោកប្រធានាធិបតីរូបនេះ បានដកស្រង់សម្តីរបស់លោក មហាត្មៈ គន្ធី ថា៖ « ភាពអស្ចារ្យនៃប្រជាជាតិមួយ និងវឌ្ឍនភាពខាងសីលធម៌ក្នុងសង្គមមួយអាចត្រូវបានគេវិនិច្ឆ័យដោយទង្វើរបស់ពួកគេចំពោះសត្វ»។
ទាក់ទិននឹងការស្លាប់ត្រីនាំសំណាងមួយនេះ មិនត្រឹមតែប្រធានាធិបតីប៉ុណ្ណោះទេដែលកាន់ទុក្ខ សូម្បីតែមេដឹកនាំគណបក្សប្រឆាំងហ្សំប៊ីHakainde Hichilema ឃើញក៏បានចេញសារមួយបង្ហាញស្មារតីសាមគ្គីភាព និងរម្លែកទុក្ខចំពោះការស្លាប់នៃត្រីនាំសំណាងរបស់សិស្សនិស្សិតនៃសាកលវិទ្យាល័យ CBC ដូចគ្នា៕ដោយ៖ស តារា