ភ្នំពេញ៖ ដោយផ្ដោតសំខាន់លើវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ និងការបណ្ដុះបណ្ដាលបច្ចេកទេស ដោយបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យា ។ រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្ដល់ហិរញ្ញប្បទានជាង ៩លានដុល្លារអាមេរិក (៨លានអ៊ឺរ៉ូ) ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បានបញ្ជាក់ថាហិរញ្ញប្បទានឥតសំណងជាង ៩លានដុល្លារអាមេរិកនេះ គឺសម្រាប់កម្មវិធីរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ ២០២៤ខាងមុខ នឹងត្រូវអនុវត្តនៅក្នុងរាជធានី-ខេត្ត គោលដៅចំនួន៥ រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។
បើយោងតាមលើកឡើងរបស់លោក សាសឆា (Sascha) លេខាទី១ ទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាអះអាងថា៖ រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា។
ដោយឡែកបើយោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ២០១៩ អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់ប្រទេសកម្ពុជា ជាង៦៤០លានដុល្លារ ស្មើប្រមាណ ៣ភាគរយ នៃទំហំហិរញ្ញប្បទានទាំងអស់ ដោយមិនរាប់បញ្ចូលទាំងហិរញ្ញប្បទានតាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បណ្តាញអង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុបនោះឡើយ៕ដោយ៖ស តារា