ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារថា៖ មហាអំណាច និងលោកខាងលិច យកបញ្ហាសិទ្ធិមនុស្សជាលេសលូកដៃចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាពកម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយ។ សម្តេចថ្លែងដូច្នេះ សារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ។
សម្តេចមានប្រសាសន៍ថា៖ សូមថ្វាយបង្គំ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ជនរួមជាតិជាទីស្នេហា ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០១ ជាទិវាប្រវត្តិសាស្រ្តដ៏វិសេសវិសាល ដែលមហាសន្និបាទអង្គការ សហប្រជាជាតិលើកទី៥៥ និងប្រទេសសមាជិកទាំងអស់បានអនុម័តជាឯកច្ឆន្ទកំណត់យកថ្ងៃទី ២១ កញ្ញា ជាទិវាសន្តិភាពប្រចាំឆ្នាំដើម្បីឧទ្ទិសដល់ការបញ្ឈប់រាល់អរិភាព និងពង្រឹងឧត្តមគតិ សន្តិភាពរបស់ប្រជាជាតិ និងប្រជាជនទាំងអស់នៅក្នុងពិភពលោក។ នៅក្នុងឆ្នាំ២០២០នេះ ការប្រារព្ធទិវាសន្តិភាពក្រោមមូលបទ “ការកសាងសន្តិភាពជាមួយគ្នា” បានប្រព្រឹត្តទៅទន្ទឹមគ្នានិងការ ប្រារព្ធខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ដែលជាទិវាដ៏មានសារៈសំខាន់សម្រាប់សហគមន៍ អន្តរជាតិ ក្នុងការសម្តែងចេញនូវសាមគ្គីភាព រួមគ្នាការពារពហុភាគី និយម គោលបំណងនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ សម្រាប់មនុស្សជាតិ។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមសម្តែងអំណរសាទរជាមួយ បណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ទាំងអស់ ប្រារព្ធទិវាសន្តិភាពដ៏មហោឡារិកនេះ សំដៅលើកកម្ពស់ការយល់ដឹងពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតី និងពួតដៃគ្នាជាធ្លុងមួយថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាពយូរ អង្វែងសម្រាប់កម្ពុជាយើងនិងពិភពលោកដើម្បីបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍន៍ និងការរីក ចម្រើន។
សម្តេចលើកឡើងថា៖ ជនរួមជាតិជាទីស្នេហា..! កម្ពុជាទើបតែបានសុខសាន្ត រស់នៅក្នុងសុខសន្តិភាព និងឯកភាពជាតិពេញលេញ អស់ រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ក្រោយពីការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ការបែកបាក់ រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មាន ជាច្រើនសតវត្សកន្លងមកហើយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ។ បទពិសោធន៍ដ៏ជូរចត់របស់កម្ពុជាពីអតីតកាល និងការអនុវត្តបានយ៉ាងជោគជ័យនូវ “គោលនយោបាយ ឈ្នះ-ឈ្នះ» នៅឆ្នាំ១៩៩៨ បានធ្វើឱ្យប្រជាជនកម្ពុជាស្គាល់ច្បាស់ពីតម្លៃសន្តិភាព និងកាន់តែយល់ ពីសារៈសំខាន់មិនអាចខ្វះបាននៃមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ គឺសន្តិភាព និងស្ថិរភាព។
ដោយសារសន្តិភាពនេះហើយ ដែលកម្ពុជាមានឱកាសប្រឹងប្រែងងើបឈរដោយខ្លួនឯង ប្រកបដោយមោទនភាពបំផុត កសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ធានាបាននូវបរិយាកាស អនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន។ នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងទៅ កំណើនសេដ្ឋកិច្ចកម្ពុជាមានការកើន ឡើងជុំវិញ ៧% ជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០១៨ ក្នុងចំណោមប្រទេសអាស៊ាន គឺកម្ពុជាមានកំណើន សេដ្ឋកិច្ចខ្ពស់ជាងគេ ហើយឆ្នាំ២០១៩ ក៏នៅតែបន្តឈរលើកំពូលតារាងខ្ពស់លើសគេដដែលក្នុង រង្វង់ ៧,១%។ ការរីកចម្រើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារឹងមាំនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយអាចនិងធ្វើឱ្យសម្រេចបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០% នាបច្ចុប្បន្ន។ ម្យ៉ាងទៀត កម្ពុជា រក្សាបានសន្តិសុខការងារដោយអត្រាគ្មានការងារមានប្រមាណ ០,៣% ប៉ុណ្ណោះ។
ប៉ុន្តែ ជាការគួរឱ្យសោកស្តាយ រលកព្យុះនៃវិបត្តិជំងឺឆ្លងកូវីដ -១៩ បាននិងកំពុងបោកបក់មក លើសេដ្ឋកិច្ច និងសង្គម នៅក្នុងបណ្តាប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក រួមទាំងកម្ពុជា យើងផងដែរ។ ការរីករាលដាលនៃមេរោគកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនេះ បានបង្កការគំរាមកំហែង យ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះនៃប្រវត្តិ សាស្រ្តរបស់ខ្លួន។ តាមការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ច ក៏ដូចជាស្ថាប័នអន្តរជាតិធំៗ បង្ហាញថា ភាពប្រាកដប្រជានៃសេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងធ្លាក់ចុះក្នុងរង្វង់ -១,៩% នៅឆ្នាំ២០២០នេះ។
ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ សូមអះអាងសារជាថ្មីនូវការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាឱ្យបាននូវភាពម្ចាស់ការលើការងារជាអាទិភាពចម្បងពីរ គឺទី១-ការបន្តរក្សានូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងទី២-ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរទប់ស្កាត់អតិផរណានិងការឡើងថ្លៃទំនិញ ក្នុងទីផ្សារ និងការបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់នូវភារកិច្ចចំនួនប្រាំដែល ខ្ញុំព្រះករុណា ខ្ញុំបានដាក់ចេញកាលពីថ្ងៃទី១៤សីហា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីសន្តិភាព សុវត្ថិភាព សុខមាលភាព ប្រជាជន និងការអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចបន្តថា៖ ជនរួមជាតិជាទីស្នេហា
បន្ថែមលើវិបត្តិដែលបង្ករឡើងដោយជំងឺឆ្លងកូវីដ-១៩ សភាពការណ៍ពិភពលោកនៅតែបន្ត ប្រែប្រួលវិវឌ្ឍកាន់តែតឹងតែងស្មុគស្មាញ ប្រកបដោយគ្រោះថ្នាក់ បង្កឡើងដោយការប្រកួតប្រជែង៕
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ដោយ៖ សុខ ខេមរា