អន្តរជាតិ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅក្នុងឱកាសខួប៧៥ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ (UN) បានលើកឡើងថាប្រទេសធំគួរធ្វើគំរូសម្រាប់ប្រទេសតូចៗ ដោយការអនុលោមតាមច្បាប់អន្តរជាតិ និងចៀសវាងការអនុវត្តស្ដង់ដារពីរជាន់។ មិនតែប៉ុណ្ណោះលោកប្រធានាធិបតីចិនរូបនេះ បានរិះគន់របៀបវារៈឯកតោភាគីនិយម និងប្រឆាំងដាច់ខាតចំពោះប្រទេសណាមួយដែលតាងខ្លួនជា «ចៅហ្វាយនាយរបស់ពិភពលោក»។
ក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើទៅកាន់ UN នៅថ្ងៃទី ២១ ខែកញ្ញា ម្សិលមិញនេះដោយចង់សំដៅចំៗទៅសហរដ្ឋអាមេរិក លោក ស៉ី បានអះអាងថា គ្មានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងផ្ដាច់មុខលើកិច្ចការសកល គ្រប់គ្រងលើជោគវាសនារបស់ប្រទេសដទៃ ឬកេងចំណេញក្នុងការអភិវឌ្ឍតែឯកឯងឡើយ។
លោក ស៊ី ជិនភិង បានលើកឡើងដោយសង្កត់ធ្ងន់ថា របៀបវាៈឯកតោភាគីនិយមគឺជាផ្លូវទ័ល។ បន្ថែមពីនេះ លោក ស៉ី បានគូសបញ្ជាក់ថា«[យើង]ពុំគួរអនុញ្ញាតឲ្យប្រទេសណាមួយធ្វើអ្វីស្រេចតែអំពើចិត្ត និងធ្វើជាមហាអំណាចផ្ដាច់មុខ ធ្វើជាអ្នកសម្លុតគេ ឬធ្វើជាចៅហ្វាយនាយរបស់ពិភពលោកឡើយ»។
ក្នុងសេចក្តីថ្លែងការណ៍ដ៏វែងអន្លាយ ដែលចុះផ្សាយដោយក្រសួងការបរទេសចិននេះ ប្រធានាធិបតីចិនរូបនេះ បញ្ជាក់បន្ថែមថា ប្រទេសធំ គួរធ្វើជាគំរូក្នុងការអនុលោមតាមច្បាប់អន្តរជាតិ ហើយត្រូវចៀសវាងការអនុវត្តស្ដង់ដារពីរជាន់។ លោកសង្កត់ធ្ងន់ថា ច្បាប់អន្តរជាតិ ពុំគួរយកទៅប្រើជាលេសដើម្បីគាបសង្កត់លើសិទ្ធិ និងប្រយោជន៍របស់ប្រទេសដទៃ។
ទាក់ទិនបញ្ហានេះលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងក្នុងជំនួបកម្រិតខ្ពស់ដើម្បីអបអរខួប៧៥ឆ្នាំរបស់អង្គការអន្តរជាតិដ៏មួយនេះថា៖ ជំងឺរាតត្បាតសកល COVID-19 បានលាតត្រដាងភាពផុយស្រួយរបស់ពិភពលោក។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បាននិយាយដូច្នេះថា៖«សព្វថ្ងៃនេះ យើងមានបញ្ហាប្រឈមលក្ខណៈពហុភាគីច្រើនលើសលប់ហើយខ្វះខាតដំណោះស្រាយលក្ខណៈពហុភាគី»។
សូមជម្រាបថា តួយ៉ាងរបស់ក្រុមប្រឹក្សាសន្តិសុខ UN ប្រើពេលរាប់ខែទើបសម្រេចចិត្តគាំទ្រការអំពាវនាវរបស់លោក ហ្គូតេរ៉េស សម្រាប់បទឈប់បាញ់ជាសកល ដែលអនុញ្ញាតឲ្យបណ្ដាប្រទេសផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំង COVID-19។ ភាពយឺតយ៉ាវនេះ កើតឡើងដោយសារភាពមិនចុះសម្រុងគ្នារវាងចិននិងសហរដ្ឋអាមេរិក។
ជុំវិញរឿងខាងលើនេះ អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល លើកឡើងថា ការគិតតែប្រយោជន៍ផ្ទាល់ខ្លួនរបស់រដ្ឋជាសមាជិក ជារឿយៗបានបង្ខំឲ្យអង្គការសហប្រជាជាតិអនុវត្តយឺតយ៉ាវជាងគោលការណ៍កំណត់ខ្លួន។
ជាក់ស្តែងនៅក្នុងសុន្ទរកថារបស់ខ្លួន មេដឹកនាំខ្លះ បានស្នើឲ្យមានការធ្វើកំណែទម្រង់ UN ហើយជាពិសេសគឺក្រុមប្រឹក្សាសន្តិសុខ UN ។ពួកគេអះអាងថា វាមិនយុត្តិធម៌ដែលមានតែសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និងចក្រភពអង់គ្លេស ជាសមាជិកអចិន្ត្រៃយ៍ ហើយមានអំណាចវេតូ (Veto) លើសេចក្តីសម្រេចនានាពាក់ព័ន្ធសន្តិសុខ និងស្ថិរភាពពិភពលោក។ ត្រង់ចំណុចនេះ ប្រធានាធិបតីតួកគី រៃស៊ីប តៃយីប អ៊ែរដូហ្កាន់ សង្កត់ធ្ងន់ថា រចនាសម្ព័ន្ធក្រុមប្រឹក្សាដែលផ្ញើជោគវាសនារបស់ប្រជាជនជាង៧ពាន់លាននាក់លើកណ្ដាប់ដៃនៃប្រទេសចំនួន៥ គឺអយុត្តិធម៌ និងគ្មានចីរភាពឡើយ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិសេសមួយថ្ងៃពេញនៅថ្ងៃទី ២១ ខែកញ្ញា កើតឡើងនៅមុនពេលជំនួបប្រចាំឆ្នាំរបស់បណ្ដាមេដឹកនាំពិភពលោកនៅ UN ដែលចាប់ផ្ដើមនៅថ្ងៃទី២២ ខែកញ្ញា ដោយគ្មានវត្តមានដោយផ្ទាល់ពីសំណាក់ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីនៅទីក្រុងញូវយ៉កឡើយ។ សេចក្តីថ្លែងការណ៍ទាំងអស់ ត្រូវថតទុកជាមុន ហើយនឹងចាក់ផ្សាយក្នុងសាលនៃមហាសន្និបាត៕ដោយ៖ស តារា