មេដឹកនាំចិន អះអាងថា៖ ខ្លួនប្រឆាំង​ដាច់ខាត​ចំពោះ​ប្រទេស​ណាមួយ​ដែល​តាង​ខ្លួន​ជា ​«​ចៅហ្វាយនាយ​របស់​ពិភពលោក​»​

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតី​ចិនលោក ស៊ី ជិន​ភីង នៅក្នុងឱកាស​ខួប​៧៥​ឆ្នាំ​នៃ​ការបង្កើត​អង្គការសហប្រជាជាតិ (UN) បានលើកឡើងថាប្រទេស​ធំ​គួរ​ធ្វើ​គំរូ​សម្រាប់​ប្រទេស​តូចៗ ដោយ​ការអនុលោម​តាមច្បាប់​អន្តរជាតិ និង​ចៀសវាង​ការអនុវត្ត​ស្ដង់ដារ​ពីរ​ជាន់​។ មិនតែប៉ុណ្ណោះលោកប្រធានាធិបតី​ចិនរូបនេះ បាន​រិះគន់​របៀបវារៈ​ឯកតោ​ភាគី​និយម និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ប្រទេស​ណាមួយ​ដែល​តាង​ខ្លួន​ជា «​ចៅហ្វាយនាយ​របស់​ពិភពលោក​»​។

ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ផ្ញើ​ទៅកាន់ UN នៅ​ថ្ងៃទី ២១ ខែកញ្ញា ម្សិលមិញនេះដោយ​ចង់​សំដៅចំៗ​ទៅ​សហរដ្ឋអាមេរិក លោក ស៉ី បាន​អះអាងថា គ្មាន​ប្រទេស​ណាមួយ​មាន​សិទ្ធិ​គ្រប់គ្រង​ផ្ដាច់មុខ​លើ​កិច្ចការ​សកល គ្រប់គ្រង​លើ​ជោគវាសនា​របស់​ប្រទេស​ដទៃ ឬ​កេងចំណេញ​ក្នុងការ​អភិវឌ្ឍ​តែ​ឯកឯង​ឡើយ​។

លោក ស៊ី ជិន​ភិ​ង បានលើកឡើង​ដោយ​សង្កត់ធ្ងន់ថា របៀប​វាៈ​ឯកតោភាគី​និយម​គឺជា​ផ្លូវ​ទ័ល​។ បន្ថែមពីនេះ លោក ស៉ី បានគូសបញ្ជាក់ថា«[​យើង​]​ពុំគួរ​អនុញ្ញាត​ឲ្យ​ប្រទេស​ណាមួយ​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត និង​ធ្វើជា​មហាអំណាច​ផ្ដាច់មុខ ធ្វើជា​អ្នក​សម្លុត​គេ ឬ​ធ្វើជា​ចៅហ្វាយនាយ​របស់​ពិភពលោក​ឡើយ​»​។

​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​វែង​អន្លាយ ដែល​ចុះផ្សាយ​ដោយ​ក្រសួងការបរទេស​ចិន​នេះ ប្រធានាធិបតី​ចិន​រូបនេះ បញ្ជាក់​បន្ថែមថា ប្រទេស​ធំ គួរ​ធ្វើជា​គំរូ​ក្នុង​ការអនុលោម​តាមច្បាប់​អន្តរជាតិ ហើយ​ត្រូវ​ចៀសវាង​ការអនុវត្ត​ស្ដង់ដារ​ពីរ​ជាន់​។ លោក​សង្កត់ធ្ងន់ថា ច្បាប់​អន្តរជាតិ ពុំគួរ​យកទៅ​ប្រើ​ជា​លេស​ដើម្បី​គាបសង្កត់​លើ​សិទ្ធិ និង​ប្រយោជន៍​របស់​ប្រទេស​ដទៃ​។

ទាក់ទិនបញ្ហានេះលោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ថ្លែង​ក្នុងជំនួប​កម្រិត​ខ្ពស់​ដើម្បី​អបអរ​ខួប​៧៥​ឆ្នាំ​របស់​អង្គការ​អន្តរជាតិ​ដ៏​មួយ​នេះថា៖ ជំងឺ​រាតត្បាត​សកល COVID-19 បាន​លាតត្រដាង​ភាពផុយស្រួយ​របស់​ពិភពលោក​។ លោកអគ្គលេខាធិការ​អង្គការសហប្រជាជាតិរូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​សព្វថ្ងៃនេះ យើង​មាន​បញ្ហា​ប្រឈម​លក្ខណៈ​ពហុភាគី​ច្រើន​លើសលប់ហើយ​ខ្វះខាត​ដំណោះស្រាយ​លក្ខណៈ​ពហុភាគី​»​។​

​សូមជម្រាបថា តួយ៉ាងរបស់ក្រុមប្រឹក្សាសន្តិសុខ UN ប្រើពេល​រាប់​ខែ​ទើប​សម្រេចចិត្ត​គាំទ្រ​ការអំពាវនាវ​របស់លោក ហ្គូ​តេ​រ៉េ​ស សម្រាប់​បទ​ឈប់​បាញ់​ជាស​កល ដែល​អនុញ្ញាត​ឲ្យ​បណ្ដា​ប្រទេស​ផ្ដោត​សំខាន់​លើ​ការប្រយុទ្ធប្រឆាំង COVID-19​។ ភាពយឺតយ៉ាវ​នេះ កើតឡើង​ដោយសារ​ភាពមិន​ចុះសម្រុង​គ្នា​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។

​ជុំវិញរឿងខាងលើនេះ អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល លើកឡើងថា ការ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​រដ្ឋ​ជា​សមាជិក ជារឿយៗបាន​បង្ខំ​ឲ្យ​អង្គការសហប្រជាជាតិ​អនុវត្ត​យឺតយ៉ាវ​ជាង​គោលការណ៍​កំណត់​ខ្លួន​។

​ជាក់ស្តែងនៅក្នុង​សុន្ទរកថា​របស់ខ្លួន មេដឹកនាំ​ខ្លះ បានស្នើ​ឲ្យ​មានការ​ធ្វើកំណែទម្រង់ UN ហើយ​ជាពិសេស​គឺ​ក្រុមប្រឹក្សាសន្តិសុខ UN ។ពួកគេ​អះអាងថា វា​មិន​យុត្តិធម៌​ដែលមាន​តែ​សហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និង​ចក្រភព​អង់គ្លេស ជា​សមាជិក​អចិន្ត្រៃយ៍ ហើយ​មានអំណាច​វេតូ (Veto) លើ​សេចក្តីសម្រេច​នានា​ពាក់ព័ន្ធ​សន្តិសុខ និង​ស្ថិរភាព​ពិភពលោក​។ ត្រង់ចំណុច​នេះ ប្រធានាធិបតី​តួ​ក​គី រៃ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ សង្កត់ធ្ងន់ថា រចនាសម្ព័ន្ធ​ក្រុមប្រឹក្សា​ដែល​ផ្ញើ​ជោគវាសនា​របស់​ប្រជាជន​ជាង​៧​ពាន់​លាន​នាក់​លើ​កណ្ដាប់ដៃ​នៃ​ប្រទេស​ចំនួន​៥ គឺ​អយុត្តិធម៌ និង​គ្មាន​ចីរភាព​ឡើយ​។

​គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ពិសេស​មួយថ្ងៃ​ពេញ​នៅ​ថ្ងៃទី ២១ ខែកញ្ញា កើតឡើង​នៅមុន​ពេល​ជំនួប​ប្រចាំឆ្នាំ​របស់​បណ្ដា​មេដឹកនាំ​ពិភពលោក​នៅ UN  ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២២ ខែកញ្ញា ដោយ​គ្មាន​វត្តមាន​ដោយផ្ទាល់​ពី​សំណាក់​ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី​នៅ​ទីក្រុង​ញូវយ៉ក​ឡើយ​។ សេចក្តីថ្លែងការណ៍​ទាំងអស់ ត្រូវ​ថត​ទុកជាមុន ហើយនឹង​ចាក់ផ្សាយ​ក្នុង​សាល​នៃ​មហាសន្និបាត​៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print