អន្តរជាតិ៖ បើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ា បានអះអាងថា៖ ប្រទេសខ្លួន ក្នុងរយៈពេល១១ខែ នៃឆ្នាំសារពើពន្ធ២០១៩–២០២០ បានរកចំណូលបានជាង៣,៦១ពាន់លានដុល្លារ ពីការនាំចេញកសិផល ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
សូមជម្រាបថា សម្រាប់ការនាំចេញផលិតផលកសិកម្ម នៃឆ្នាំសារពើពន្ធឆ្នាំនេះ បានកើនឡើង៥០០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធឆ្នាំមុន ២០១៨–២០១៩ ដែលរកបានតែជាង៣,១១ពាន់លានដុល្លារប៉ុណ្ណោះ។ បើគិតត្រឹមថ្ងៃទី១១ ខែកញ្ញា នៃឆ្នាំសារពើពន្ធឆ្នាំនេះ, មីយ៉ាន់ម៉ា រកបានចំណូលជាង១៦,៧ពាន់លានដុល្លារ ពីការនាំចេញសរុប។
គួរបញ្ជាក់ថា អង្ករ, សណ្តែក និងពោត ជាផលិតផលចម្បង សម្រាប់ការនាំចេញលើវិស័យកសិកម្ម របស់មីយ៉ាន់ម៉ា ខណៈផ្លែឈើ និងបន្លែ, ល្ង, ស្លឹកតែក្រៀម, ស្ករស និងផលិតផលកសិកម្មផ្សេងទៀត ក៏ត្រូវបាននាំចេញផងដែរ។
បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា ភាគច្រើននាំចេញកសិផលទៅកាន់ប្រទេសចិន, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, បង់ក្លាដេស, ឥណ្ឌា, ឥណ្ឌូនេស៊ីនិងស្រីលង្ការ៕ដោយ៖ស តារា