អន្តរជាតិ៖ ក្រោយចូលកាន់មុខតំណែងជាមេបញ្ជាការកងទ័ពជើងគោកថៃថ្មីថ្មោង ឧត្តមសេនីយ៍ Narongphan Jitkaewtae បានប្ដេជ្ញា ស្តារសន្តិភាពក្នុងសង្គម គាំទ្រការអភិវឌ្ឍប្រទេស និងស្មោះត្រង់ ការពារមហាក្សត្រ។ ការប្ដេជ្ញារបស់មេបញ្ជាការកងទ័ពជើងគោកថ្មីរូបនេះធ្វើឡើងចំពេលដែលប្រទេសថៃ កំពុងរួមរឹតដោយប្រជាជនធ្វើបាតុកម្មអស់រយៈពេល២ខែ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីចុះពីតំណែង និងកែទម្រង់របបរាជានិយម។
បើតាមកាសែតថៃបាងកកប៉ុស្តិ៍ បាននិយាយថា ឧត្តមសេនីយ៍ផ្កាយបួន Narongphan Jitkaewtae នឹងធ្វើជាមេបញ្ជាការកងទ័ពជើងគោកថៃជំនួសឧត្តមសេនីយ៍ Apirat Kongsompong ដែលនឹងចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ។ កម្មវិធីពិធីលាលែងពីតំណែង ត្រូវបានធ្វើនៅថ្ងៃទី២៣ ខែកញ្ញាកន្លងទៅ។ ឧត្តមសេនីយ៍ Narongphan សសើរមេទ័ពដែលចូលនិវត្តចំពោះការចំណាយពេលវេលា និងកម្លាំងក្នុងការការពារអធិបតេយ្យជាតិ និងផលប្រយោជន៍សាធារណៈ ក៏ដូចជារក្សាច្បាប់ និងសណ្តាប់ធ្នាប់។
កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា មេបញ្ជាការកងទ័ពជើងគោកថ្មីរូបនេះ ក៏បានប្ដេជ្ញាបំពេញការងារឲ្យបានល្អផងដែរ។ ដោយលោកឧត្តមសេនីយ៍ Narongphan បានប្រកាសថា៖« ស្មោះស្ម័គ្រការពារព្រះមហាក្សត្រ និងគាំទ្ររដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជាតិ និងធ្វើការដើម្បីឲ្យប្រទេសឈានទៅមុខ»។ ប៉ុន្ដែការលើកឡើងរបស់លោក Narongphan ធ្វើឡើងស្របពេលដែលនយោបាយថៃកំពុងរង្គោះរង្គើដោយសារបាតុកម្មអស់រយៈពេលជិត២ខែមកហើយ។
ដោយឡែកក្រុមបាតុករថៃ ក៏បាននិយាយរិះគន់រដ្ឋាភិបាលថៃ និងទាមទារឲ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ បញ្ឈប់ការបំពានលើអ្នកប្រឆាំងព្រមទាំងកែទម្រង់រាជានិយមក្នុងប្រទេសផង។ ចំណែករដ្ឋធម្មនុញ្ញថៃ ដែលអនុម័តក្នុងឆ្នាំ២០១៧ អំឡុងពេលរបបយោធាដឹកនាំប្រទេស ត្រូវបានប្រជាពលរដ្ឋថៃបោះឆ្នោតយល់ព្រមក្នុងការធ្វើប្រជាមតិកាលពីឆ្នាំ២០១៦ ប៉ុន្តែគ្រានោះបក្សប្រឆាំងមិនត្រូវបានអនុញ្ញាតឲ្យធ្វើយុទ្ធនាការឡើយ។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានបាតុករថៃមើលឃើញថាឲ្យអំណាចច្រើនជ្រុលដល់ព្រះមហាក្សត្រ។
គួរបញ្ជាក់ថា ដោយសារតែចេញមុខតវ៉ា បាតុករជាច្រើនរូប កំពុងរងការចោទប្រកាន់ចំពោះសកម្មភាពអំឡុងពេលបាតុកម្មកាលពីចុងសប្ដាហ៍មុន ដូចជាបំពានច្បាប់ប្រកាសអាសន្នហាមការជួបជុំទ្រង់ទ្រាយធំ និងច្បាប់ការពារព្រះមហាក្សត្រ៕ដោយ៖ស តារា