អន្តរជាតិ៖ បណ្ដាញសង្គមមួយចំនួនដូចជា៖ Facebook និង Twitter ជាដើម ត្រូវបានរដ្ឋាភិបាលតួកគី ចាប់ផ្ដើមអនុវត្តច្បាប់ថ្មីដែលនឹងរឹតបន្តឹងក្នុងការគ្រប់គ្រងបណ្ដាញសង្គមទាំងនេះ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ អាចនឹងបាត់មុខពីប្រទេសតួកគី ក្នុងករណីពួកគេមិនបានលុបការបង្ហោះដែលមានខ្លឹមសារចម្រូងចម្រាស។
ចំពោះច្បាប់ថ្មីគ្របដណ្ដប់លើបណ្ដាញសង្គម បានឆ្លងសភាដែលគ្រប់គ្រងដោយគណបក្ស AKP កំពុងកាន់អំណាចរបស់ប្រធានាធិបតីRecep Tayyip Erdogan យ៉ាងរហ័ស។ ការធ្វើច្បាប់នេះ កើតឡើងក្រោយរដ្ឋាភិបាលក្រុងអង់ការ៉ាចាត់វិធានការក្ដៅលើកាសែតប្រឆាំង និងបណ្តាប៉ុស្តិ៍ទូរទស្សន៍នានាដែលមិនស្របតាមរដ្ឋាភិបាល។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយ ។
ជាក់ស្ដែងនៅក្នុងច្បាប់ថ្មីមួយនេះ បណ្ដាញសង្គមដែលជាវេទិកាមានអ្នកប្រើប្រាស់ប្រចាំថ្ងៃច្រើនជាងមួយលាននាក់ត្រូវតែបើកការិយាល័យនៅតួកគីដើម្បីអាចធ្វើការជាមួយអាជ្ញាធរក្នុងការលុបមាតិកាណាដែលបំពានក្នុងរយៈពេល ៤៨ ម៉ោង។ បើមិនលុបការបង្ហោះដែលបានបំពានច្បាប់នោះ ពួកគេប្រឈមនឹងការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការពិន័យជាប្រាក់រហូតដល់ទៅ ៥,១ លានដុល្លារ និង ការកាត់បន្ថយទំហំអ៊ីធឺណិតរហូតដល់ ៩០ ភាគរយដែលនេះធ្វើឲ្យប៉ះពាល់ការប្រើប្រាស់ទៀតផង។
សូមជម្រាបថា ក្រុមហ៊ុនបណ្ដាញសង្គមទាំងនេះ ត្រូវចាត់វិធានការចាំបាច់ដើម្បីរក្សាទិន្នន័យអ្នកប្រើក្នុងស្រុកផងដែរ។ បច្ចុប្បន្ន ការចូលប្រើគេហទំព័រ និងមាតិកាមួយចំនួន រងការរឹតត្បិតដោយផ្នែកខ្លះទៅហើយនៅក្នុងប្រទេសដែលមានប្រជាជន៨៣លាននាក់នេះ។
ដោយឡែកជុំវិញការដាក់ចេញច្បាប់ថ្មីនេះ គេក៏ឃើញមានបណ្តាស្ថាប័នជាច្រើនបានបង្ហាញការព្រួយបារម្ភផងដែររួមទាំង Facebook ផង។ មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់ Facebook លោក Iain Levine បានសរសេរលើ Twitter របស់ខ្លួន ច្បាប់ថ្មីបង្កើនការព្រួយបារម្ភជាច្រើនអំពីបញ្ហាសិទ្ធិមនុស្ស។
ចំណែកនាយកអង្គការឃ្លាំមើលសិទិ្ធមនុស្សសម្រាប់តួកគី Emma Sinclair-Webb លើកឡើងថា សព្វថ្ងៃ វាពិតជាមិនអាចទៅរួចទេដែលក្នុងប្រទេសមួយដូចតួកគីមានការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងដូច្នេះ ខណៈបណ្តាញសង្គមជាផ្នែកមួយដ៏ធំនៃជីវិតរបស់មនុស្ស៕ដោយ៖ស តារា