អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់លោក Cui Tiankai អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក ថ្លែងនៅក្នុងកម្មវិធីប្រារព្ធខួបសាធារណរដ្ឋចិនតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖ «យើងមានឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយអាមេរិក ដោយសុច្ឆន្ទៈ និងស្មោះត្រង់ ហើយប្រទេសទាំងពីរគួរតែស្តារទំនាក់ទំនង ឲ្យដើរលើផ្លូវត្រូវឡើងវិញ ដោយមិនមានជម្លោះ, ការប្រឈមមុខដាក់គ្នា, ការគោរពគ្នាទៅវិញទៅមក និងសហប្រតិបត្តិការឈ្នះៗ»។ ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះធ្វើឡើងស្របពេលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កំពុងមានទំនាស់ជាច្រើន។
អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិករូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលចិន រីករាយក្នុងការអភិវឌ្ឍទំនាក់ទំនងការទូតជាមួយអាមេរិក។
ជាក់ស្តែងទំនាក់ទំនងរវាងអាមេរិក-ចិន កំពុងតែល្អក់កករលើបញ្ហាជាច្រើន ចាប់តាំងពីCOVID-19 ពាណិជ្ជកម្ម ហុងកុង កោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង ការទូត និងបញ្ហាជាច្រើនទៀត។ ស្របពេលភាពចម្រូងចម្រាសទាំងនេះ ដែលមិនរំពឹងថា នឹងមានច្រកចេញឆាប់ៗ បេសកជនចិប្រចាំអាមេរិក បានអះអាងថា ចិននៅតែមានបំណងស្ដារទំនាក់ទំនងជាមួយអាមេរិកឡើងវិញ។
លោក Cui បន្ថែមថា ទំនាក់ទំនងចិន និងអាមេរិកក្នុងពេលនេះ គឺជាការប្រឈមមុខដាក់គ្នាខ្លាំងបំផុត ក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះ ព្រោះភាគីទាំងពីរគឺព្យាយាមផ្តាច់សេដ្ឋកិច្ចចេញពីគ្នា និងបង្កឲ្យមានការប្រឈមមនោគមវិជ្ជានយោបាយ និងសង្គ្រាមត្រជាក់សារជាថ្មី។ មន្រ្តីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា វាគឺជាបំផ្លាញផលប្រយោជន៍របស់ប្រជាជនអាមេរិក និងចិនយ៉ាងធ្ងន់ធ្ងរ ហើយមានតែទំនាក់ទំនងល្អទេ ទើបអាចការពារផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរបាន។
សូមជម្រាបផងដែរថា នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការប្រជាជាតិ នាពេលកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនភីង បានយកវេទិកាអន្តរជាតិមួយនេះ វាយប្រហារគ្នាទៅវិញទៅមក។
ដោយឡែកបើតាមការចុះផ្សាយរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៩ ខែកញ្ញាកន្លងទៅ ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូនឹងទស្សនកិច្ចមកជប៉ុន កូរ៉េខាងត្បូង និងម៉ុងហ្គោលី នៅថ្ងៃខាងមុខនេះ។ ចិន អាចជាប្រធានបទដ៏សំខាន់ក្នុងកិច្ចប្រជុំសន្ទនាសន្តិសុខ៤ភាគី(Quadrilateral Security Dialogue) នៅក្នុងទីក្រុងតូក្យូលោក ប៉ុមប៉េអូ និងសមភាគីជប៉ុន អូស្ត្រាលី និងឥណ្ឌាដែរ៕ដោយ៖ស តារា