រដ្ឋាភិបាលតួ​ក​គី ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ថ្មី​ដែល​នឹង​រឹតបន្តឹង​បណ្ដាញ​សង្គម​ដូចជា Facebook និង Twitter ជាដើម

ចែករំលែក៖

អន្តរជាតិ៖ បណ្ដាញ​សង្គម​មួយចំនួនដូចជា៖ Facebook និង Twitter ជាដើម ត្រូវបានរដ្ឋាភិបាលតួ​ក​គី ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ថ្មី​ដែល​នឹង​រឹតបន្តឹង​ក្នុងការ​គ្រប់គ្រង​បណ្ដាញ​សង្គមទាំងនេះ នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ អាចនឹងបាត់​មុខ​ពី​ប្រទេសតួ​ក​គី ​ក្នុងករណី​ពួកគេ​មិនបាន​លុប​ការ​បង្ហោះ​ដែលមាន​ខ្លឹមសារ​ចម្រូងចម្រាស​។​

ចំពោះច្បាប់​ថ្មី​គ្របដណ្ដប់​លើ​បណ្ដាញ​សង្គម បាន​ឆ្លង​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស AKP កំពុងកាន់​អំណាច​រប​ស់​ប្រធានាធិបតីRecep Tayyip Erdogan យ៉ាង​រហ័ស​។ ការធ្វើ​ច្បាប់​នេះ កើតឡើង​ក្រោយ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ចាត់វិធានការ​ក្ដៅ​លើ​កាសែត​ប្រឆាំង និង​បណ្តា​ប៉ុស្តិ៍​ទូរទស្សន៍​នានា​ដែល​មិន​ស្របតាម​រដ្ឋាភិបាល​។ ​នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បានចុះផ្សាយ ។

​ជាក់ស្ដែងនៅក្នុង​ច្បាប់​ថ្មី​មួយ​នេះ បណ្ដាញ​សង្គម​ដែលជា​វេទិកា​មាន​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​ច្រើនជាង​មួយ​លាន​នាក់​ត្រូវតែ​បើក​ការិយាល័យ​នៅ​តួ​ក​គី​ដើម្បី​អាចធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ក្នុងការ​លុប​មាតិកា​ណា​ដែល​បំពាន​ក្នុង​រយៈពេល ៤៨ ម៉ោង​។ បើ​មិន​លុប​ការ​បង្ហោះ​ដែល​បាន​បំពាន​ច្បាប់​នោះ ពួកគេ​ប្រឈម​នឹង​ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម ការពិន័យ​ជា​ប្រាក់​រហូតដល់​ទៅ ៥,១ លាន​ដុល្លារ និង ការកាត់បន្ថយ​ទំហំ​អ៊ី​ធឺ​ណិ​ត​រហូតដល់ ៩០ ភាគរយ​ដែល​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ការប្រើប្រាស់​ទៀតផង​។

សូមជម្រាបថា ក្រុមហ៊ុន​បណ្ដាញ​សង្គមទាំងនេះ ត្រូវ​ចាត់វិធានការ​ចាំបាច់​ដើម្បី​រក្សា​ទិន្នន័យ​អ្នក​ប្រើ​ក្នុងស្រុក​ផងដែរ​។ បច្ចុប្បន្ន ការចូល​ប្រើ​គេហទំព័រ និង​មាតិកា​មួយចំនួន រង​ការ​រឹតត្បិត​ដោយ​ផ្នែក​ខ្លះ​ទៅហើយ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​៨៣​លាន​នាក់​នេះ​។​

​ដោយឡែកជុំវិញការដាក់ចេញ​ច្បាប់​ថ្មី​នេះ គេ​ក៏​ឃើញ​មាន​បណ្តា​ស្ថាប័ន​ជាច្រើន​បានបង្ហាញ​ការព្រួយបារម្ភ​ផងដែរ​រួមទាំង Facebook ផង​។  មន្ត្រី​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់ Facebook លោក Iain Levine បាន​សរសេរ​លើ Twitter របស់ខ្លួន ច្បាប់​ថ្មី​បង្កើន​ការព្រួយបារម្ភ​ជាច្រើន​អំពី​បញ្ហា​សិទ្ធិមនុស្ស​។

ចំណែក​នាយក​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​សម្រាប់​តួ​ក​គី Emma Sinclair-Webb លើកឡើងថា សព្វថ្ងៃ វា​ពិតជា​មិនអាច​ទៅរួច​ទេ​ដែល​ក្នុង​ប្រទេសមួយ​ដូច​តួ​ក​គី​មានការ​គាបសង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យ៉ាង​ដូច្នេះ ខណៈ​បណ្តាញ​សង្គម​ជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​ជីវិត​របស់​មនុស្ស​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print