អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក និយាយថា៖ យើង​មាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​អាមេរិក ដោយ​សុច្ឆន្ទៈ និង​ស្មោះត្រង់

ចែករំលែក៖

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ ដកស្រង់លោក Cui Tiankai អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក ថ្លែង​នៅក្នុង​កម្មវិធី​ប្រារព្ធ​ខួប​សាធារណរដ្ឋ​ចិន​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ២០២០ ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​អាមេរិក ដោយ​សុច្ឆន្ទៈ និង​ស្មោះត្រង់ ហើយ​ប្រទេស​ទាំងពីរ​គួរតែ​ស្តារ​ទំនាក់ទំនង ឲ្យ​ដើរ​លើផ្លូវ​ត្រូវ​ឡើងវិញ ដោយ​មិនមាន​ជម្លោះ​, ការប្រឈមមុខ​ដាក់គ្នា​, ការគោរព​គ្នា​ទៅវិញទៅមក និង​សហប្រតិបត្តិការ​ឈ្នះៗ​»​។ ការអះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​ចិន​រូបនេះធ្វើឡើង​ស្របពេល​ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន កំពុងមាន​ទំនាស់​ជាច្រើន​។

អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិករូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលចិន រីករាយ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​។

​ជាក់ស្តែងទំនាក់ទំនង​រវាងអាមេរិក​-​ចិន កំពុងតែ​ល្អក់កករ​លើ​បញ្ហា​ជាច្រើន ចាប់តាំងពី​COVID-19 ពាណិជ្ជកម្ម ហុងកុង កោះ​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង ការទូត និង​បញ្ហា​ជាច្រើន​ទៀត​។ ស្របពេល​ភាពចម្រូងចម្រាស​ទាំងនេះ ដែល​មិន​រំពឹងថា នឹងមាន​ច្រកចេញ​ឆាប់ៗ បេសកជន​ចិ​ប្រចាំ​អាមេរិក បាន​អះអាងថា ចិន​នៅតែ​មានបំណង​ស្ដារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើងវិញ​។​

​លោក Cui បន្ថែមថា ទំនាក់ទំនង​ចិន និង​អាមេរិក​ក្នុង​ពេលនេះ គឺជា​ការប្រឈមមុខ​ដា​ក់​គ្នា​ខ្លាំង​បំផុត ក្នុង​រយៈពេល​៤១​ឆ្នាំ​កន្លងមកនេះ ព្រោះ​ភាគី​ទាំងពីរ​គឺ​ព្យាយាម​ផ្តាច់​សេដ្ឋកិច្ច​ចេញពី​គ្នា និង​បង្ក​ឲ្យ​មានការ​ប្រឈម​មនោគមវិជ្ជា​នយោបាយ និង​សង្គ្រាមត្រជាក់​សារជាថ្មី​។ មន្រ្តីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា វា​គឺជា​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រជាជន​អាមេរិក និង​ចិន​យ៉ាងធ្ងន់ធ្ងរ ហើយ​មានតែ​ទំនាក់ទំនង​ល្អ​ទេ ទើប​អាច​ការពារ​ផលប្រយោជន៍​ប្រជាជន​ប្រទេស​ទាំង​ពីរបាន​។

​សូមជម្រាបផងដែរថា នៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​ប្រជាជាតិ នាពេល​កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​ចិន លោក ស៊ី ជិន​ភីង បាន​យក​វេទិកា​អន្តរជាតិ​មួយ​នេះ វាយប្រហារ​គ្នា​ទៅវិញទៅមក​។

​ដោយឡែកបើតាម​ការចុះផ្សាយ​របស់​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី​២៩ ខែកញ្ញាកន្លងទៅ ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូនឹង​ទស្សនកិច្ច​មក​ជប៉ុន កូរ៉េខាងត្បូង និង​ម៉ុង​ហ្គោ​លី នៅ​ថ្ងៃ​ខាងមុខនេះ​។ ចិន អាចជា​ប្រធានបទ​ដ៏​សំខាន់​ក្នុង​កិច្ចប្រជុំ​សន្ទនា​សន្តិសុខ​៤​ភាគី(Quadrilateral Security Dialogue) នៅក្នុង​ទីក្រុង​តូ​ក្យូ​លោក ប៉ុ​ម​ប៉េ​អូ និង​សម​ភាគី​ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា​ដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print