ស្ថានភាព នៃការវាយប្រហារគ្នារវាង Azerbaijan និងArmeniaកាន់តែអាក្រក់ទៅបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ។ តាមការប្រកាសរបស់ក្រសួងការពារជាតិ Azerbaijan បានប្រកាសឲ្យដឹងថា កម្លាំងទាហានប្រទេសនេះបានគ្រប់គ្រងទីតាំងជាច្រើន ក្នុងតំបន់មានវិវាទNagorno – Karabakh ប៉ុន្តែក៏មានទាហានរាប់ពាន់នាក់បានស្លាប់។
នៅថ្ងៃទី០៣ ខែតុលាក្រសួងការពារជាតិ Azerbaijan បានប្រកាសថា ទាហានប្រទេសនេះបានបង្កើតទីតាំងគ្រប់គ្រងតំបន់កំពុងតែមានវិវាទNagorno – Karabakh ។ ជាមួយគ្នានោះទាហានក៏បានចាប់ផ្តើមបោសសម្អាតកម្ចាត់សត្រូវផងដែរ។
តាមការប្រកាសរបស់ក្រសួងការពារជាតិAzerbaijan នៅក្នុងការវាយប្រហារកម្ចាត់សត្រូវ កម្លាំងទាហានAzerbaijan បានកម្ទេច រថក្រោះ២៣០គ្រឿង កាំភ្លើងធំ២៥០គ្រឿងនិងប្រព័ន្ធមីស៊ីល រ៉ុក្កែតជាច្រើនទៀត។ ក្រៅពីនេះនៅមានទីបញ្ជាការ១០កន្លែង ឃ្លាំងអាវុធ៧ កន្លែង ប្រព័ន្ធការពារដែនអាកាសS-300 របស់ប្រទេស Armenia និងសាធារណរដ្ឋArtsakh រងការបំផ្លាញ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យ ប្រធានាធិបតីសាធារណរដ្ឋArtsakh បានប្រកាសថា មានទាហាន Azerbaijan ដល់ទៅជាង ៣០០០នាក់បានស្លាប់ ចាប់តាំងពីផ្ទុះសង្គ្រាម នៅតំបន់Nagorno – Karabakh។ សាកសពទាហាន នៅពាសវាលពាសកាល ក្នុងសមរភូមិ មិនទាន់ប្រមូលមកនៅឡើយទេ៕
ដោយ៖ធីរីណា