មន្ត្រីថៃ បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលនឹងបើកព្រំដែន ស្វាគមន៍អ្នកទេសចរបរទេសចូលមកកម្សាន្តនៅក្នុងប្រទេសថៃ។ វិស័យទេសចរណ៍រងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងរយៈពេលកន្លងមក ដោយសារតែកូវីដ-១៩ ។
វិស័យសេដ្ឋកិច្ចថៃ អាស្រ័យទៅលើអ្នកទេសចរបរទេស ហើយនៅក្នុងឆ្នាំនេះថៃស្វាគមន៍អ្នកទេសចរបានមួយចំនួនតូចតែប៉ុណ្ណោះក្នុងចំណោមអ្នកទេសចរអន្តរជាតិប្រមាណ៤០លាននាក់ក្នុងមួយឆ្នាំ។ អ្នកទេសចរធ្លាក់ចុះដោយការបិទព្រំដែន ហើយក្រុមហ៊ុនអាកាសចរណ៍ផ្អាកការហោះហើរ។
គម្រោងបើកព្រំដែន ក៏ដូចជាយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងកូវីដ-១៩ ថៃអនុញ្ញាតដល់អ្នកដំណើរមកពីប្រទេសដែលមានការណីឆ្លងទាបបំផុត ហើយអ្នកទេសចរត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅសណ្ឋាគារ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ថៃ បានឲ្យដឹងថា មានអ្នកទេសចរប្រមាណ១៥០នាក់មកពីប្រទេសចិន នឹងមកដល់ប្រទេសថៃនៅដើមសប្តាហ៍ក្រោយ។ ក្រោយមកនឹងមានជើងហោះហើរពីអឺរ៉ុប និងចិន ជាបន្តទៀត ប្រសិនបើជើងហោះហើរទី១មិនមានបញ្ហាអ្វីនោះ។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា ចំនួនអ្នកទេសចរចូលមកថៃមានចំនួន កំណត់ ហើយអ្នកទេសចរទាំងនោះនឹងត្រូវតាមដានតាមបណ្តាញទូរស័ព្ទ។ មានតែវិធីសាស្ត្រនេះទេទើបអាចតាមដានបានគ្រប់ជ្រុងជ្រោយទប់ស្កាត់រាល់ការឆ្លងកូវីដ-១៩។
សកម្មភាពខាងលើរបស់ថៃកើតឡើងក្រោយពេលធនាគារពិភពលោកបានប្រកាសថា កំណើនសេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះដល់ទៅ ១០,៤ភាគរយនៅក្នុងឆ្នាំ នេះដោយសារវិបត្តិពាក់ព័ន្ធកូវីដ-១៩៕ ដោយ៖ធីរីណា