ក្នុងពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយា ព្រមទាំងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀតឆ្លងកូវីដ-១៩នោះ នៅលើបណ្តាញសង្គមក្រុមអ្នកគាំទ្រលោកត្រាំ បានជូនពររូបលោកឱ្យបានឆាប់ជាសះស្បើយ។ចំណែកក្រុមប្រឆាំងវិញបានឌឺដង ខ្លះដាក់បណ្តាសាឲ្យលោកឆាប់ស្លាប់…។
កត្តាទាំងនោះហើយ ទើបបណ្តាញសង្គមនៅអាមេរិក ក្នុងនោះមានបណ្តាញ សង្គម Twitter បានសម្រេចបង្អាក់គណនីណាដែលបានបង្ហោះខ្លឹមសារដាក់បណ្តាសាឲ្យលោកត្រាំឆាប់ស្លាប់។ សកម្មភាពបែបនោះគឺបំពានច្បាប់របស់បណ្តាញសង្គម ដូច្នេះនឹងត្រូវក្រុមហ៊ុនចាក់សោឈប់ឲ្យដំណើរការ។
ពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់លោកប្រធានាធីបតីដូណាល់ ត្រាំ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៤ ខែតុលាបានផ្សាយថា វេជ្ជបណ្ឌិតសេតវិមាន លោក Sean Conley បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនមានសភាពគ្រុនក្ដៅឡើយ និឹងចាប់ផ្ដើមត្រឡប់ទៅរកភាពល្អប្រសើរវិញ បន្ទាប់ពីទទួលការព្យាបាល COVID-19 ក៏ប៉ុន្តែ មិនទាន់គេចផុតពីគ្រោះថ្នាក់ទាំងស្រុងនោះទេ។
នៅក្នុងវីដេអូមួយមានរយៈពេល៤នាទី ថ្លែងចេញពីបន្ទប់នៃមន្ទីរពេទ្យ ដែលត្រូវបានបង្ហោះលើ Twitter កាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ក៏បានឱ្យដែរថាលោកមានសុខភាពនិងអារម្មណ៍ល្អធម្មតា ហើយសង្ឃឹមថាអាចនឹងជាសះស្បើយឡើងវិញ ក្នុងពេលឆាប់ៗនេះ។ លោក ត្រាំ ធ្វើដំណើរទៅដល់មន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃសុក្រ៕