ប្រទេសសិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីសៀងឡុង បានទៅកាន់តុលាការជាន់ខ្ពស់នៅថ្ងៃទី៦ ខែតុលា ដើម្បី សួរនាំពីករណីប្តឹង blogger ដែលផ្សាយព័ត៌មានមិនពិត ។ នាយករដ្ឋមន្ត្រីបានប្តឹង លោក Leong Sze Hian អតីតទីប្រឹក្សាសេដ្ឋកិច្ច ដែលចែករំលែកអត្ថបទមួយ ផ្សព្វផ្សាយនៅលើសារព័ត៌មាន The Coverage – Malaysia នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងអត្ថបទបានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកNajib Razak បានចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយនាយករដ្ឋមន្ត្រី លី សៀងឡុង ដើម្បីដោះដូរនឹងការជួយពីធនាគារសិង្ហបុរី ក្នុងការលាងលុយពីមូលនិធិជាតិ 1Malaysia Development Berhad (1MDB) របស់ម៉ាឡេស៊ី។
មេធាវីរបស់នាយករដ្ឋមន្ត្រី លី បាននិយាយថា ការផ្សព្វផ្សាយព័ត៌មាន គ្មានការណ៍ពិត គ្មានមូលដ្ឋាន ហើយចោទប្រកាន់ លោក Leong ចែករំលែកព័ត៌មាន «ក្នុងចេតនាអាក្រក់» ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាយករដ្ឋមន្ត្រី។
ចំណែកលោក Leong Sze Hian បានបញ្ជាក់ថា លោកគ្រាន់តែជាអ្នកចែករំលែកព័ត៌មាន ដោយមិនមានការបញ្ចេញមតិ ប្តូរខ្លឹមសារក្នុងចេតនាអាក្រក់នោះឡើយ។ សិង្ហបុរី បានរក្សាការគ្រប់គ្រងយ៉ាងតឹងតែងលើប្រព័ន្ធផ្សព្វផ្សាយ និងទប់ស្កាត់ព័ត៌មានមិនពិត។ រដ្ឋាភិបាលមិនបានរារាំងសេរីភាពក្នុងការបញ្ចេញមតិនោះឡើយ៕
ដោយ៖ ធី រីណា