ទីបំផុត! រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃថ្មី ត្រូវបានតែងតាំងហើយ ក្រោយគ្មានអ្នកកាន់តំណែងជាង១ខែ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​កៅអី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុថៃ ទំនេរជាង១ខែកន្លងទៅនេះ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០២០ ព្រះមហាក្សត្រ​ថៃ បាន​ឡាយព្រះហស្ដលេខា​តែងតាំង លោក Arkhom Termpittayapaisith ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​ថ្មី​។

បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​ដែល​ដកស្រង់​ចេញ​រាជក្រឹត្យ​ក្នុង​សៀវភៅ​រាជកិច្ច​ បាននិយាយថា បន្ទាប់ពី​លោក Predee Daochai លាលែង​ចេញពី​តំណែង កៅអី​រដ្ឋមន្ត្រី​មួយ​នេះ ត្រូវ​ទុកចោល​ជាង​១​ខែមកហើយ ​។ រហូតដល់​ថ្ងៃទី​៥ ខែតុលាម្សិលមិញនេះ ទើប​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្ដលេខា​តែងតាំង លោក Arkhom ជា​រដ្ឋមន្ត្រី​ថៃ​ថ្មី ដែល​ត្រូវ​ចូល​ជា​ធរមាន​ភ្លាមៗ​។

សូមជម្រាបថា លោក Arkhom កន្លងមក ក៏​ស្ថិត​ក្នុងចំណោម​ឥស្សរជន​ដែល​នឹង​ក្លាយជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី​ដែរ បូករួម​ទាំង លោក Prasong Poontaneat លេខាធិការ​អចិន្ត្រៃយ៍​ក្រសួង​ហិរញ្ញវត្ថុ និង​លោក​Krairit Euchukanonchai ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​ប្រេង PTT និង​ធនាគារ Krungthai ដែរ​។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ព្យាយាម​លាក់​រឿងនេះ ដោយបាន​ត្រឹម​បង្ហើប​ថា បាន​បដិសេធ​ពី​ពាក្យ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី ជា​មនុស្ស​គ្រប់គ្នា​ធ្លាប់​ស្គាល់​។

​គួររម្លឹកផងដែរថា កាលពីដើមខែ​កញ្ញា​កន្លងទៅ លោក Predee Daochai បាន​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​ហិ​រញ្ញា​វត្ថុ​ថៃ ដោយសារ​ហេតុផល​សុខភាព​។ លោក Predee បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ត្រឹមតែ ២៦​ថ្ងៃ​ប៉ុណ្ណោះ​។ ការលាលែង​ចេញពី​តំណែង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក Predee បាន​ខ្វែងគំនិត​គ្នា​ជាមួយ​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Santi Promphat មកពី​បក្ស​កម្លាំង​ប្រជារាស្ត្រ ទាក់ទង​ការតែងតាំង​មន្ត្រី​សំខាន់ៗ​របស់​ក្រសួង ពិសេស​តំណែង​អគ្គនាយក​គយ​។

​គួរបញ្ជាក់ថា លោក Arkhom បានបញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ​សេដ្ឋកិច្ច នៅ​សកល​វិទ្យាល័យ Thammasat នៅក្នុង​ឆ្នាំ​១៩៧៧ និងត្រូវបាន​សកលវិទ្យា​ល័យ​Williams College ក្នុង​រដ្ឋ Massachusetts អាមេរិក ផ្តល់​សញ្ញាបត្រ​អនុបណ្ឌិត​សេដ្ឋកិច្ច នៅ​១៩៨៣ ។ បើគិតចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៣ លោក Arkhom ជា​អគ្គលេខាធិការ​នៃ​ក្រម​ប្រឹក្សា​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ថៃ ហើយ​នៅក្នុង​ឆ្នាំ​២០១៥ លោក​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ក្នុង​រដ្ឋាភិបាលយោធា​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print