អន្តរជាតិ៖ ឧត្តមសេនីយ៍ Narongphan Jitkaewtae មេបញ្ជាការកងទ័ពជើងគោកថៃ បានផ្ញើសារព្រមានមួយទៅកាន់ក្រុមបាតុករថៃ ត្រូវកែប្រែខ្លួនឯងជាមុនសិន បើចង់ទាមទារឲ្យកែទម្រង់របបរាជានិយមក្នុងប្រទេស។
មេបញ្ជាការកងទ័ពជើងគោកថៃថ្មីរូបនេះ បាននិយាយសំដៅលើក្រុមបាតុករវ័យក្មេងដែលចង់បានកំណែទម្រង់ស្ថាប័នមហាក្សត្រថា៖ «ពួកគេគេគួរមើលខ្លួនឯងជាមុនសិនថា បានធ្វើរឿងត្រឹមត្រូវអ្វីខ្លះ មុនពេលប្រាប់ឲ្យអ្នកដទៃធ្វើតាមខ្លួន»។ ការលើកឡើងបែបនេះ ក្រោយលោកឧត្តមសេនីយ៍ Jitkaewtae ឡើងកាន់តំណែងមេទ័ពជើងគោកដ៏មានអំណាចនៅថ្ងៃទី១ ខែតុលាកន្លងទៅ។ ប៉ុន្តែលោក Jitkaewtae នឹងកាន់តំណែងដល់លោកចូលនិវត្តន៍នៅឆ្នាំ២០២៣ផងដែរ ។
បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៦ ខែតុលាក្រោយជំនួបជាមួយមេបញ្ជាការយោធា លោក Jitkaewtae ក៏បានផ្ញើសារទុកមុនដែរ គ្រប់ភាគីទាំងអស់មិនត្រូវបង្កើតឲ្យមានស្ថានភាពគ្រោះថ្នាក់ដល់ជាតិឡើយ ហើយបើធ្វើបាន លទ្ធភាពនៃការធ្វើរដ្ឋប្រហារគឺសូន្យ។
សូមជម្រាបថា នៅពេលសួរពីជំហរទាក់ទងគម្រោងធ្វើបាតុកម្មនៅសប្ដាហ៍ក្រោយដែលទំនងជាផ្ដោតលើរាជានិយមទៀតនោះ កឧត្តមសេនីយ៍ Jitkaewtae ឆ្លើយថា ប្រជាជនមានសេរីភាព ប៉ុន្តែសេរីភាពនៃការបញ្ចេញរបស់ពួកគេ ត្រូវតែស្របតាមច្បាប់។ ពោល គឺពួកគេមិនត្រូវបំពានសិទ្ធិអ្នកដទៃ ហើយទទួលខុសត្រូវចំពោះមុខច្បាប់ បើធ្វើខុសច្បាប់។
លោកឧត្តមសេនីយ៍ Jitkaewtae នៅចំពោះមុខអ្នកសារព័ត៌មាន ក៏ប្ដេជ្ញាចិត្តការពារជាតិ សាសនា មហាក្សត្រ និងប្រជាជន ទោះត្រូវលះបង់អ្វីក៏ដោយ។ ពេលសួរដល់រឿងរដ្ឋប្រហារ មេទ័ពថៃរូបនេះឆ្លើយថា៖ «គ្រប់មេទ័ពជើគោកទាំងអស់ សុទ្ធតែត្រូវបានសួរបែបនេះពេលកាន់តំណែង ហើយពួកគេឆ្លើយថា ឱកាសធ្វើរដ្ឋប្រហារមានសូន្យភាគរយ តែមានលក្ខខណ្ឌថា មិនមាននរណាម្នាក់បង្កជម្លោះដែលនាំឲ្យអំពើហិង្សា និងកោលាហល» ៕ដោយ៖ស តារា