ចិន និង WHO កំពុង​ពិភាក្សាគ្នា​លើ​ការវាយតម្លៃ​វ៉ាក់សាំង COVID-19 ដែល​ផលិត​ក្នុងស្រុក​របស់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បាននិយាយ​ថា ដើម្បីបោះជំហាន​ឆ្ពោះទៅរក​ការដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង COVID-19​របស់​ប្រទេសចិន​ជា​អន្តរជាតិ​ក្រោម​លក្ខខណ្ឌ​បន្ទាន់ ពេលនេះ​ចិន និង WHO កំពុង​ពិភាក្សាគ្នា​លើ​ការវាយតម្លៃ​វ៉ាក់សាំងនេះ ដែល​ផលិត​ក្នុងស្រុក​របស់ខ្លួន​។

បើតាមការអះអាងពី​អ្នកសម្របសម្រួល​រប​ស់ WHO ផ្នែក​វេជ្ជសាស្ត្រ​និង​បច្ចេកវិទ្យា​សុខភាព​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច លោក Socorro Escalate បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៦ ខែតុលា​ថា ចិន​បាន​ពិភាក្សា​ជំហាន​បឋម​ជាមួយ WHO ដើម្បី​ឲ្យ​វ៉ាក់សាំង​របស់ខ្លួន​មាន​ក្នុង​បញ្ជី​វ៉ាក់សាំង​សម្រាប់​ការប្រើប្រាស់​បន្ទាន់​។​ នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​​លោក Escalate បានអះអាងទៀតថា តាមរយៈ​បញ្ជី​បន្ទាន់​នេះ វ៉ាកសាំង​ដែលមាន​សក្ដានុពល អាច​ត្រូវបាន​វាយតម្លៃ​តែម្ដង ហើយ​បន្ទាប់មកអាច​ត្រូវបាន​បញ្ជូន​ចេញ​តែម្ដង​។ ចំណែកការមានឈ្មោះ​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាប់​របស់ WHO អនុញ្ញាត​ឲ្យ​វ៉ាក់សាំង និង​វិធីសាស្ត្រ​ព្យាបាល​ដែល​មិនទាន់មាន​អាជ្ញា​បណ្ណ អាច​បង្កើនល្បឿន​ក្នុងការ​ផ្ដល់​ឲ្យ​ប្រជាជន​ទូទៅ​។

សូមជម្រាបថា កាលពី​ខែ​មុន ប្រទេសអារ៉ាប់​រួម​ ក៏បានអនុញ្ញាត​ឲ្យ​ប្រើ​ជាបន្ទាន់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន CNBG ។ នេះ​ជា​លើក​ដំបូង​ដែល​វ៉ាក់សាំង COVID-19 ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សម្រាប់​ករណី​អាសន្ន​។ ជាមួយគ្នានេះ​ផងដែរ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​និយាយ​កាលពី​ខែ​មុន​ថា លោក​នឹង​ផ្តល់​អាទិភាព​ដល់​ចិន​និង​រុស្ស៊ី​នៅក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង​របស់​ប្រទេស​លោក​។​

គួរបញ្ជាក់ថា បើគិត​មកដល់ពេលនេះ ចិន​មាន​វ៉ាក់សាំង​ដែល​កំពុង​ពិសោធ​យ៉ាងតិច​ចំនួន​៤ ដែល​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការសាកល្បង​។ វ៉ាក់សាំង​ពីរ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន China National Biotec Group (CNBG) ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាលហើយ​វ៉ាក់សាំង​ពីរ​ទៀត​អភិវឌ្ឍ​ដោយ Sinovac Biotech and CanSino Biologics​។ វ៉ាក់សាំង​ទាំងនេះ​ត្រូវបាន​ធ្វើតេស្ត​នៅក្នុង​ប្រទេស​ដូចជា ប៉ា​គី​ស្ថាន ឥណ្ឌូណេស៊ី ប្រេ​ស៊ី​ល រុស្ស៊ី និង​អារ៉ាប់​រួម​អេ​មី​រ៉ាត់​។​

​បច្ចុប្បន្ននេះ នៅ​ប្រទេសចិន អ្នកធ្វើការ​ក្នុង​វិស័យ​សំខាន់​រាប់ពាន់នាក់ និង​ក្រុមមនុស្ស​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​ចាត់ទុកជា​អ្នកមាន​ហានិភ័យ​ខ្ពស់ ទទួលបាន​ការផ្តល់​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ក្នុងស្រុក​។ ខណៈ​ការធ្វើ​តេស្ត​មិនទាន់បាន​បញ្ចប់​ពេញលេញ វា​បាន​បង្កើន​ក្តីបារម្ភ​ពី​សុវត្ថិភាព​ក្នុងចំណោម​អ្នកជំនាញ​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print