មេទ័ព​ជើងគោក​ថ្មី​របស់​ថៃ ប្រាប់​ឲ្យ​បាតុករ​កែប្រែ​ខ្លួនឯង​ជាមុនសិន​ បើចង់​ទាមទារ​ឲ្យ​កែទម្រង់​របបរាជានិយម​ក្នុងប្រទេស

ចែករំលែក៖

អន្តរជាតិ៖ ឧ​ត្ត​ម​សេនីយ៍ Narongphan Jitkaewtae មេបញ្ជាការ​កងទ័ពជើងគោក​ថៃ បាន​ផ្ញើ​សារ​ព្រមាន​មួយ​ទៅកាន់​ក្រុមបាតុករថៃ ត្រូវ​កែប្រែ​ខ្លួនឯង​ជាមុនសិន បើចង់​ទាមទារ​ឲ្យ​កែទម្រង់​របបរាជានិយម​ក្នុងប្រទេស​។

មេបញ្ជាការ​កងទ័ពជើងគោក​ថៃថ្មីរូបនេះ បាននិយាយ​សំដៅលើ​ក្រុមបាតុករ​វ័យក្មេង​ដែល​ចង់បាន​កំណែទម្រង់​ស្ថាប័ន​មហាក្សត្រថា៖ «​ពួកគេ​គេ​គួរ​មើល​ខ្លួនឯង​ជាមុនសិន​ថា បានធ្វើ​រឿង​ត្រឹមត្រូវ​អ្វីខ្លះ មុនពេល​ប្រាប់​ឲ្យ​អ្នកដទៃ​ធ្វើតាម​ខ្លួន​»។ ការលើកឡើងបែបនេះ ក្រោយលោកឧ​ត្ត​ម​សេនីយ៍ Jitkaewtae ឡើងកាន់តំណែង​មេទ័ព​ជើងគោក​ដ៏​មានអំណាច​នៅ​ថ្ងៃទី​១ ខែតុលា​កន្លងទៅ​។​ ប៉ុន្តែលោក Jitkaewtae នឹង​កាន់តំណែង​ដល់​លោក​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០២៣ផងដែរ ។

​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​ បានដកស្រង់នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៦ ខែតុលា​ក្រោយ​ជំនួប​ជាមួយ​មេបញ្ជាការ​យោធា លោក Jitkaewtae ក៏បាន​ផ្ញើ​សារ​ទុក​មុន​ដែរ គ្រប់ភាគី​ទាំងអស់​មិនត្រូវ​បង្កើត​ឲ្យ​មាន​ស្ថានភាព​គ្រោះថ្នាក់​ដល់​ជាតិ​ឡើយ ហើយ​បើ​ធ្វើបាន លទ្ធភាព​នៃ​ការធ្វើ​រដ្ឋប្រហារ​គឺ​សូន្យ​។

​សូមជម្រាបថា នៅពេល​សួរ​ពី​ជំហរ​ទាក់ទង​គម្រោង​ធ្វើបាតុកម្ម​នៅ​សប្ដាហ៍​ក្រោយ​ដែល​ទំនងជា​ផ្ដោតលើ​រាជានិយម​ទៀត​នោះ កឧ​ត្ត​ម​សេនីយ៍ Jitkaewtae ឆ្លើយថា ប្រជាជនមាន​សេរីភាព ប៉ុន្តែ​សេរីភាព​នៃ​ការបញ្ចេញ​របស់​ពួកគេ ត្រូវតែ​ស្របតាម​ច្បាប់​។ ពោល គឺ​ពួកគេ​មិនត្រូវ​បំពាន​សិទ្ធិ​អ្នកដទៃ ហើយ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ បើ​ធ្វើ​ខុសច្បាប់​។

​លោកឧត្តមសេនីយ៍ Jitkaewtae នៅចំពោះមុខ​អ្នកសារព័ត៌មាន ក៏ប្ដេជ្ញាចិត្ត​ការពារជាតិ សាសនា មហាក្សត្រ និង​ប្រជាជន ទោះ​ត្រូវ​លះបង់​អ្វី​ក៏ដោយ​។ ពេល​សួរ​ដល់​រឿង​រដ្ឋប្រហារ មេទ័ព​ថៃ​រូបនេះ​ឆ្លើយថា​៖ «​គ្រប់​មេទ័ព​ជើ​គោក​ទាំងអស់ សុទ្ធតែ​ត្រូវបាន​សួរ​បែបនេះ​ពេល​កាន់តំណែង ហើយ​ពួកគេ​ឆ្លើយថា ឱកាស​ធ្វើ​រដ្ឋប្រហារ​មាន​សូន្យ​ភាគរយ តែមាន​លក្ខខណ្ឌ​ថា មិនមាន​នរណាម្នាក់​ប​ង្ក​ជម្លោះ​ដែល​នាំ​ឲ្យ​អំពើហិង្សា និង​កោលាហល​​» ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print