ខេត្តត្បូងឃ្មុំ ៖ គ្រាប់មីនទាន់ផ្ទុះ ប្រភេទM79 និងប្រភេទ105មិល្លីម៉ែត្រ ១៥គ្រាប់ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅ ក្នុងភូមិចំនួនពីរ គឺភូមិព្រៃទទឹង និងភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា: កន្លងទៅថ្មីៗនេះ មានស្ត្រីវ័យចំណាស់ឈ្មោះ ម៉ី យ៉ាង អាយុ៧០ឆ្នាំ នៅភូមិបុសល្វេ បានជីករណ្តៅដីនៅខាងក្រោយផ្ទះយកដីមកចាក់ខាងក្រោមផ្ទះឈើ ស្របពេលដែលជីកដល់ជម្រៅជាង១ម៉ែត្រ ក៏ប្រទះឃើញគ្រាប់ប្រភេទ105មិល្លីម៉ែត្រ កប់នៅក្នុងដីមានចំនួន១០គ្រាប់ ។
សមត្ថថកិច្ចបន្តថា ក្រោយពីបានប្រទះឃើញគ្រាប់ច្រើនបែបនេះ ស្ត្រីជាម្ចាស់ផ្ទះបានរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ ហើយសមត្ថកិច្ចបានចុះទៅដល់ក៏បានហ៊ុមព័ទ្ធមិនឲ្យអ្នកណាចូលទៅប៉ះពាល់គ្រាប់ទាំងនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត ។
ចំណែក នៅភូមិបុសល្វេ ឃុំក្រែក នៅត្រង់ព្រំដីរបស់អ្នកភូមិក៏បានប្រទះឃើញគ្រាប់M79 ចំនួន៥គ្រាប់ទៀត ដែលមិនទាន់ផ្ទុះ ក៏ត្រូវបានសមត្ថកិច្ចចុះទៅដាក់ស្លាកសញ្ញាហាមកុំឲប៉ះពាល់គ្រាប់ ។
ជាមួយនិងការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះខាងលើនេះដែរអាជ្ញាធរនិងសម្មត្ថកិច្ចជំនាញកំពុងត្រៀមប្រគល់ឲ្យទៅអង្គការស៊ីម៉ាកយកទៅកម្ទេចចោលផងដែរ ៕វណ្ណះ