ភ្នំពញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ត្រដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ត្រដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងម្សិលមុិញ និងថ្ងៃនេះឃើញថា លោកទេសរដ្ឋមន្ត្រី គន់ គីម លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ សមត្ថកិច្ចកងកម្លាំងទាំង៣ស្ថាប័ន បានចុះជួយអន្តរាគមន៍រំដោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ចំពោះភូមិសាស្ត្រដែលមានជំនន់ទឹកភ្លៀងជនលិច បានទាន់ពេលវេលា ៕
ដោយ៖ សុខ ខេមរា