ថៃ​ ​ច​ចារ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងCOVID-19​ មួយចំនួនអង់គ្លេស ចិន និង​រុស្ស៊ី​ ដើម្បី​អាច​ទទួលបាន​វ៉ាក់សាំង​ឲ្យ​កាន់តែ​លឿន

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីលោក Nakorn Premsri អគ្គនាយក​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​ថៃ បាន​ប្រាប់​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍​ថា៖ កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ២០២០ មន្រ្តីក្រសួងសុខាភិបាលថៃ​ កំពុងតែ​ច​ចារ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​​COVID-19 មួយចំនួន​នៅ​អង់គ្លេស ចិននិង​រុស្ស៊ី ​ដើម្បី​អាច​ទទួលបាន​វ៉ាក់សាំង​ឲ្យ​កាន់តែ​លឿន​តាមតែ​អាចធ្វើ​ទៅបាន​។​

​លោក Nakorn Premsri បានបញ្ជាក់ថា រដ្ឋាភិបាល​ថៃ​ក៏​រំពឹងថា នឹង​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​COVID-19 ដែល​កំពុង​អភិវឌ្ឍ​ដោយ​សាកលវិទ្យាល័យ Oxford និង​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO)​តាមរយៈ​កម្មវិធី COVAX ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ទិញ​វ៉ាក់សាំង​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ផងដែរ​។ លោក Nakorn អះអាងថា ក្នុងដំណាក់កាល​ដំបូង រដ្ឋាភិបាល​ថៃ​ចង់​ទបាន​វ៉ាក់សាំង​ក្នុង​រយៈពេល​ពី​៣​ទៅ​៦​ខែក្រោយ​វ៉ាក់សាំង​នោះ​ទទួល​ការអនុញ្ញាត​ឲ្យ​ផលិត​។

បើតាមមន្ត្រី​សុខាភិបាល​ថៃ ក៏បានបញ្ជាក់ដែរថា៖«​យើង​ចាំបាច់​ត្រូវតែ​សកម្ម និង​ស្វះ​ស្វែងរក​វិធី​ដើម្បី​ទទួលបាន​វ៉ាក់សាំង​ឲ្យ​បាន​រហ័ស​បំផុត​»​។ បន្ថែមពីនេះ ថៃ​ប្រឈម​នឹង​ការផ្ទុះ​ឆ្លង​ជំងឺ COVID-19 ដោយសារតែ​ករណី​ឆ្លង​ខ្លះ​អាជ្ញាធរ​សុខាភិបាល​មិនអាច​ស្វែង​រកឃើញ​ករណី​ឆ្លងដែល​បណ្តាល​ឲ្យ​ប្រជាជន​ទាំងមូល​ងាយ​រងគ្រោះ បើសិន​ជាមាន​ការឆ្លង​រាលដាល​។​

សូមជម្រាបថា រដ្ឋាភិបាល​ថៃ មាន​គម្រោង​បង្កើន​ថវិកា​សម្រាប់​កម្មវិធី​វ៉ាក់សាំង​ដល់​ទៅ​ជាង​៩៦​លាន​ដុល្លារ​(៣​ពាន់​លាន​បាត​) ដើម្បី​អាច​ផ្តល់​វ៉ាក់សាំង COVID-19 ដល់​ប្រជាជន​៣៣​លាន​នាក់ ប្រហាក់ប្រហែល​នឹង​៥០​ភាគរយ​នៃ​ប្រជាជន​សរុប​។ ចំពោះ​វ៉ាក់សាំង COVID-19​នេះ​ផងដែរ រដ្ឋាភិបាល​ថៃ​នឹង​ផ្ដល​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​នឹងធ្វើ​បញ្ជី​អាទិភាព​អ្នក​ដែល​នឹង​ទទួល​វ៉ាក់សាំង​ជាមុន​។​

​ដោយឡែកបើតាមបុគ្គលិក​សុខាភិបាល ក៏ដូចជា​អ្នកបម្រើ​សេវា​សង្គម​នឹង​ទទួលបាន​អាទិភាព​នេះ ចំណែក​អ្នក​ដែល​ស្ថិតក្នុង​តំបន់​ដែលមាន​ករណី​ឆ្លង​ជាប្រចាំ នឹងត្រូវ​ទទួលបាន​វ៉ាក់សាំង​តែម្តង​។ ក្រៅតែពី​ស្វះ​ស្វែងរក​ទិញ​វ៉ាក់សាំង​ពី​បរទេស ថៃ​ក៏​កំពុង​អភិវឌ្ឍ​កម្មវិធី​វ៉ាក់សាំងCOVID-19 ដោយ​ខ្លួនឯង​ដែរ​។

លោក Nakorn បន្តថា ការធ្វើ​តេស្ត​ដំណាក់កាល​ដំបូង​លើ​មនុស្ស​នឹងត្រូវ​ចាប់ផ្តើម​ឲ្យ​បាន​លឿន​បំផុត​ក្នុង​ខែធ្នូ​។ ការណ៍​ដែល​ថៃ ព្យាយាម​អភិវឌ្ឍ​វ៉ាក់សាំង​ខ្លួនឯង​បែបនេះ គឺ​បណ្តាលមកពី​បទពិសោធ​នៅពេល​ផ្ទុះ​គ្រុនផ្តាសាយ​ជ្រូក​កាលពី​ឆ្នាំ​២០០៩ ដែល​ថៃ​ពុំ​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​គ្រប់គ្រាន់​ដល់​ប្រជាជន​ខ្លួន​។​

​បច្ចុប្បន្ន បើគិត​ត្រឹម​ថ្ងៃទី​៩ ខែតុលា​ ឆ្នាំ២០២០ម្សិលមិញនេះ ប្រទេសថៃ​មាន​ករណី​ឆ្លង​សរុប​ចំនួន​៣,៦២៨​ករណី និង​ស្លាប់​ចំនួន​៥៩​នាក់​។ ជំងឺCOVID-19 នេះ​ប៉ះពាល់​សេដ្ឋកិច្ច​ថៃ ដោយ​បណ្តាល​ឲ្យ​ការនាំចេញ​ធ្លាក់ចុះ និង​បាត់បង់​ភ្ញៀវទេសចរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print