រយៈពេល៣ថ្ងៃជាប់គ្នា៖ ក្រុមបាតុកម្ម​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា នាំគ្នាប្រឆាំងនឹង​ច្បាប់​បង្កើត​ការងារ​ថ្មី​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី

ចែករំលែក៖

អន្តរជាតិ៖ ក្រុមបាតុកម្ម​នៅក្នុង​ទីក្រុង​ហ្សា​ការ​តារាប់ពាន់នាក់បាន​ចេញមក​ប្រឆាំងនឹង​ច្បាប់​បង្កើត​ការងារថ្មី​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​៨ ខែតុលា​ថ្មីៗនេះ ស្របពេល​វិធានការ​រឹតត្បិត និង​បង្ការ COVID-19 កំពុង​អនុវត្ត​នៅក្នុង​ទីក្រុង​។ មិនតែប៉ុណ្ណោះ ច្បាប់​នេះ បង្ក​ការមិន​ពេញចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​ឥណ្ឌូណេស៊ី ព្រោះ​កាត់បន្ថយ​អត្ថប្រយោជន៍​របស់​កម្ម​ករ​និ​យោ​ជិ​ក​ដែល​ត្រូវ​ទទួលបាន​ពី​ការងារ​។ បន្ទាប់ពីក្រុម​សកម្មជន​ចំនួន​១៥ នៅ​ថ្ងៃទី​៥ ខែតុលា កន្លងទៅ បាន​អំពាវនាវ​ឲ្យ​កម្មករ​និ​យោ​ជិ​ក​ឥណ្ឌូណេស៊ី ចូលរួម​ធ្វើបាតុកម្ម​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែតុលា ដើម្បី​ឲ្យ​រដ្ឋាភិបាល​លុបចោល​ច្បាប់​នេះ​។

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានចុះផ្សាយថា៖ «​ច្បាប់​បង្កើត​ការងារ​» ត្រូវបាន​សភា​ឥណ្ឌូណេស៊ី​អនុម័ត​នៅ​ថ្ងៃទី​៥ ខែតុលា​មក​ម្លេះដើម្បី​កែលម្អ​បរិយាកាស​វិនិយោគ ច្បាប់​ការងារ និង​បរិស្ថាន​នៅក្នុង​ប្រទេស ក្នុង​គោលបំណង​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត ទាក់ទាញ​អ្នកវិនិយោគ​បរទេស និង​បង្កើត​ការងារ​។ ច្បាប់​បង្កើត​ការងារ​នេះ ក៏​ជាការ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​ដែល​កំពុងតែ​រងគ្រោះ​ដោយសារ​ជំងឺ COVID-19 ផងដែរ​។

ជាក់ស្តែង​នៅ​ថ្ងៃទី​៨ ខែតុលា ប៉ូលីស​ជិត ១៣០០០​នាក់​ត្រូវបាន​បញ្ជូន​ឲ្យ​មក​គ្រប់គ្រង​ស្ថានការណ៍​បាតុកម្ម​ ខណៈដែលប្រជាជន​ឥណ្ឌូណេស៊ី​ជាច្រើន​ពាន់​នាក់ បាន​ចេញមក​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ស្របពេល​បម្រាម​ការជួប​ជុំគ្នា ដើម្បី​បង្ការ​ការ​រាតត្បាត COVID-19 កំពុង​អនុវត្ត​នៅឡើយ​។ ប៉ុន្តែ​ក្រុមប៉ូលីស មិនអាច​ទប់ស្កាត់​ដំណើរ​របស់​ក្រុមបាតុករ​ទៅ​អាគារ​រដ្ឋាភិបាល​បានឡើយដូចជា​៖ វិមាន​ប្រធានាធិបតី​ជាដើម​។

​ក្នុងចំណាត់ការ​របស់​ប៉ូលីស​ដើម្បីបំបែកហ្វូងបាតុកម្ម ក៏ឈានទៅដល់​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករនិង​ប៉ូលីស​នៅ​ជិត​វិមាន​ប្រធានាធិបតី​។ ដោយផ្នែក​ខ្លះ​នៃ​បាតុកម្ម បាន​ឈានទៅដល់​កុបកម្ម​។ ក្រុមបាតុករ​មួយចំនួន បាន​ដុត​កង់​រថយន្តបំផ្លាញ​កន្លែង​ចំណតរថយន្ត​ក្រុង និង​បំផ្លាញ​កន្លែង​ការដ្ឋាន​សាងសង់​មួយកន្លែង​ថែម​ទៀ ឯ​ខ្លះទៀត ចោល​ដុំឥដ្ឋ​ដុំថ្ម​ដាក់​ប៉ូលិស​។ ដល់​ល្ងាច​ថ្ងៃទី​៨ ខែតុលា បាតុករ​មួយចំនួន បាន​ដុត​ស្ថានីយ៍​មធ្យោបាយ​ដឹកជញ្ជូន​សាធារណ និង​បំផ្លាញ​ប៉ុស្តិ៍​ប៉ូលិស​ថែមទៀត​។

​ដោយឡែកលោក Yusri Yunus ​អ្នក​ពាក្យ​ប៉ូលីស​ក្រុង​ហ្សា​ការ​តា ក៏បានអះអាង​ថា៖ បាតុករ​យ៉ាងហោចណាស់​ចំនួន ១​ពាន់​នាក់ ត្រូវបាន​រកឃើញថា​មាន​ផ្ទុក COVID-19 បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​។ មកទល់ពេលនេះ ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​COVID-19 សរុប​ជាង ៣២​ម៉ឺន​ករណី អ្នកស្លាប់​មាន​ជាង ១​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ជាង ២៤​ម៉ឺន​នាក់​។

​សូមជម្រាបថា បច្ចុប្បន្ននេះស្ថានការណ៍​បាតុកម្ម កាន់តែ​ធ្ងន់ធ្ងរ ដែល​បង្ខំ​ឲ្យ​អភិបាលក្រុង​ហ្សា​ការ​តា​លូកដៃ​។ ព្រោះកាលពីថ្ងៃទី​៩ ខែតុលាម្សិលមិញនេះ អភិបាលក្រុង​ហ្សា​ការ​តា លោក Anies Baswedan បាន​ប្រាប់​ទីភ្នាក់ងារ Reuters ថា៖ លោក​បាន​ជួប​ជាមួយ​បាតុករ និង​បាន​ជជែក​គ្នា​ពី​បញ្ហា​ច្បាប់​ការងារ​នេះ ហើយ​អ្វីដែល​បា​តុ​ការទាមទារ​លោក ឲ្យ​ប្រាប់​ទៅ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ។

​គួរបញ្ជាក់ថា ក្រៅពី​ផលប៉ះពាល់​លើក​ម្មករ ច្បាប់​បង្កើត​ការងារ​ថ្មី​នេះ រង​ការព្រមាន​ថា អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​តំបន់​ព្រៃ​ត្រូពិច​ឥណ្ឌូណេស៊ី​។ អ្នកវិនិយោគ​ជាច្រើន បារម្ភ​ថា ច្បាប់​បង្កើត​ការងារ​ថ្មី នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការពារ​ព្រៃឈើ​ឥណ្ឌូណេស៊ី បង្ក​ឲ្យ​បាត់បង់​ជីវចម្រុះ និង​ប៉ះពាល់​ដល់​ការប្រយុទ្ធប្រឆាំង​ជាមួយ​ការ​បម្រែបម្រួល​អាកាសធាតុ​ជាដើម​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print