ភ្នំពេញ៖ ទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់ ,ទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងហក់ឡើងបន្តិច តែការហក់ឡើងនេះ ស្ថិតនៅទាបជាងកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្តីពី ស្ថានភាពទឹកទន្លេមេគង្គ ។ ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន ដែលកន្លងមកទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតមកហើយនោះ និងគួបផ្សំនៅយប់ថ្ងៃនេះ ព្យុះទី១៥ ឈ្មោះ លីនហ្វា (LINFA) បាន និងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាក់សេប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ។
ស្ថានភាពបែបនេះ នឹងបង្កឲ្យ ៖
– ទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់ ។
– រីឯទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងហក់ឡើងបន្តិច តែការហក់ឡើងនេះ ស្ថិតនៅទាបជាងកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប ៕
ដោយ៖ សុខ ខេមរា