អន្តរជាតិ៖ បើយោងតាមក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ប្រាប់ទូរទស្សន៍NHK នៅថ្ងៃទី១០ ខែតុលាថ្មីៗនេះថា ក្បួននាវាចម្បាំងរបស់ខ្លួន ដែលរួមមាននាវាមុជទឹកផងដែរនោះ បានចូលចតនៅកំពង់ផែទឹកជ្រៅវៀតណាម Cam Ranh Bay ខេត្ត Khanh Hoa ។ ដោយក្បួននាវាចម្បាំងនេះ រួមមាន៖នាវាចម្បាំងចំនួន២គ្រឿង និងនាវាមុជទឹកមួយគ្រឿង។ ការចូលចតនេះ គឺដើម្បីផ្គត់ផ្គង់ស្បៀងនៅលើនាវា។
ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ទៀតថា នាវាទាំងបី ជាផ្នែកមួយនៃក្បួននាវាចម្បាំងដែលជប៉ុនបញ្ជូនទៅកាន់សមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌាកាលពីខែកញ្ញា។ បើសិនគ្មានការប្រែប្រួលទេ ក្បួននាវាចម្បាំងនេះ នឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងចំនួន ១ខែ ដើម្បីចូលរួមធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពជើងទឹកវៀតណាម និងបណ្តាប្រទេសដទៃទៀត។ នាវាដឹកឧទ្ធម្ភាគចក្រធំជាងគេរបសជប៉ុនKaga ក៏មានវត្តមានក្នុងតំបន់នេះដែរ។
ដោយឡែក ចំពោះវត្តមានរបស់ក្បួននាវាជប៉ុននៅកំពង់ផែវៀតណាមបែបនេះ ត្រូវបានគេជឿថា ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងទីក្រុងតូក្យូ ដើម្បីទប់ស្កាត់ការបង្កើតឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
សូមជម្រាបថា កងទ័ពចិន មួយរយៈចុងក្រោយនេះ បានធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំងនៅក្នុងសមុទ្រចិនខាងត្បូង តាមរយៈការធ្វើសមយុទ្ធយោធាជាច្រើនលើក។ ចំណែកបញ្ហានេះ បានធ្វើឲ្យវៀតណាម ដែលជាភាគីមួយនៃជម្លោះមិនពេញចិត្តឡើយ ហើយថែមទាំងដាក់ការតវ៉ាទៅចិនថែមទៀត។
ជាមួយគ្នានោះ លោក យូស៊ីហ៊ីដេ ស៊ូហ្កា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ត្រូវបានរំពឹងថា នឹងមកធ្វើទស្សនកិច្ចនៅវៀតណាម នៅពាក់កណ្តាលខែតុលានេះ បន្ទាប់ពីចូលកាន់តំណែង។ ចំណែកការជ្រើសរើសអាស៊ីជាគោលដៅទស្សនកិច្ចក្រៅប្រទេសលើកដំបូង ក៏ជាសញ្ញាបង្ហាញពីជំហររបស់រដ្ឋាភិបាលជប៉ុនថ្មីដែលបន្តរក្សាតួនាទីនៅតំបន់ ស្របពេលដែលឥទ្ធិពចិនកាន់តែកើននោះ។
គួរបញ្ជាក់ថា ក្បួននាវាចម្បាំងរបស់ជប៉ុន មកដល់វៀតណាមតែមួយថ្ងៃប៉ុណ្ណោះ មុនដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន មកកម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ រួមទាំងការឈប់សំចតនៅសិង្ហបុរី៕ដោយ៖ស តារា