មេដឹកនាំ​បាតុកម្ម​ថៃ ប្រកាស​ផែនការ​ធ្វើបាតុកម្ម​ហ៊ុមព័ទ្ធ​អាគារ​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី​១១ ខែតុលា​ ឆ្នាំ២០២០ មេដឹកនាំ​បាតុកម្ម​ថៃម្នាក់ គឺលោក​Arnon Nampa បានប្រកាស​ផែនការ​ធ្វើបាតុកម្ម​ហ៊ុមព័ទ្ធ​អាគារ​រដ្ឋាភិបាល​ថៃ ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង និង​កំណែទម្រង់​របបរាជានិយម​។ ដោយមេដឹកនាំ​បាតុកម្ម​រូបនេះបានអះអាងថា នៅ​ថ្ងៃទី​១៤ ខែតុលា​ថា បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នឹង​ប្រមូល​ផ្តុំគ្នា​នា​វិមាន​ប្រជាធិបតេយ្យ នៅលើ​រុក្ខវិថី​Ratchadamnoen រួច​បន្តដំណើរ​ទៅ​វិមាន​រដ្ឋាភិបាល​។

​មិនតែប៉ុណ្ណោះ ក្រុមបាតុករ នឹង​បោះជំរុំ​នៅ​ទីនោះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ចេញពី​តំណែង​។​ ដោយបាតុកម្ម​ អាច​នឹងមាន​រយៈពេល​យ៉ាងហោចណាស់​១​ខែ​។​

បើតាម​កាសែត Bangkok Post​ បានចុះផ្សាយថា ជាក់ស្តែងលោក Arnon នា​ការជួបជុំ​នៅ​ខេត្ត​នគររាជ​សីមា​នៅ​ថ្ងៃទី​១១ តុលាថ្មីៗនេះ បាន​បញ្ជាក់ថា ពេលនេះ​ក្រុម​អ្នករៀបចំ​បាតុកម្ម រកបាន​ថវិការ​គ្រប់គ្រាន់ ដើម្បី​សម្រាប់ធ្វើ​បាតុកម្ម​យ៉ាងហោច​ណាស់​មួយខែ​។ លោក​បន្ថែមថាបាតុកម្ម​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៤ ខែតុលា ហើយ​យ៉ាងហោចណាស់​៧​ថ្ងៃ​ដំបូង​នៃ​បាតុកម្ម​គឺ​ការទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង​។​

​លើសពីនេះទៅទៀត មេដឹកនាំ​បាតុកម្ម​រូបនេះ បានសង្កត់ធ្ងន់ថា បើសិនជា​រដ្ឋសភា​បើក​កិច្ចប្រជុំ​វិសាមញ្ញ បាតុករ​នឹង​ជួបជុំគ្នា​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​សមាជិក​រដ្ឋសភា​ឲ្យ​ទទួលយក​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ស្នើ​ដោយ​សង្គម​ស៊ីវិល​។ លោក​Arnon ក៏​បញ្ជាក់​សារជាថ្មី​ថា បាតុករ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​។​

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន សហភាព​និស្សិត​បាន​សុំ​ឲ្យ​សាលា​លុបចោល​ថ្ងៃ​បង្រៀន​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៥ ដើម្បី​ឲ្យ​និស្សិត​បាន​ចូលរួម​បាតុកម្ម​នៅ​វិមាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក​។​​ចំណែកឯ​សហភាព​និស្សិត​នៃ​សាកលវិទ្យាល័យ​ធម្មសាស្ត្រ បាន​អំពាវនាវ​ឲ្យ​សាកលវិទ្យាល័យ​លុប​ការបង្រៀន​៣​ថ្ងៃ ដើម្បី​អនុញ្ញាត​ឲ្យ​និស្សិត​អាច​ទៅ​ចូលរួម​បាតុកម្ម​។

​ដោយឡែកទាក់ទិននឹងក្រុមបាតុកម្ម​នេះ លោក​Suwaphan Tanyuvardhana សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​ការពា​រ​រាជានិយម​ព្រឹទ្ធសភា​ថៃ ថ្កោលទោស​ក្រុម​ខាងលើ​។ លោក​ចាត់ទុក​អាកប្បកិរិយា​របស់​ក្រុមបាតុករ​ដែល​ប្រមាថ​របបរាជានិយម ជា​រឿង​មិនអាច​អត់អោន​ឲ្យ​បាន ព្រោះ​រាជានិយម​ជា​ស្ថាប័ន​កំពូល​របស់​ប្រទេស និង​ដែល​ត្រូវ​ប្រជាជន​ថៃ​គោរព​។ លោក​និយាយថា​៖« ពួកគេ​មិន​ខ្វល់​ពី​អារម្មណ៍​របស់​ប្រជាជន​ថៃ​រាប់​ស​លាន​នាក់​ឯទៀត ដែល​ស៊ូទ្រាំ​នឹង​អាកប្បកិរិយា​ប្រមាថ និង​បំពាន​ឡើយ​»​។​

​ជុំវិញបញ្ហានេះដែរប៉ូលីស​ថៃ ក៏បាន​អះអាងថា មន្ត្រីប៉ូលីស​ជាន់ខ្ពស់​បាន​បើក​កិច្ចប្រជុំ​មួយ ដោយ​ណែនាំ​ប៉ូលីស​បង្ក្រាប​បាតុកម្ម​មិន​ឲ្យ​ប្រើប្រាស់​កម្លាំងហិង្សា និង​បង្កើត​កន្លែង​ត្រួតពិនិត្យ​២១​កន្លែង ដើម្បី​ស្វែងរក​អាវុធ​ចាប់ពី​ថ្ងៃទី​១៣ ខែតុលា​ទៅ​។ បន្ថែមពីនេះ ប៉ូលីស​ បានបញ្ជាក់ថា មេដឹកនាំ​បាតុកម្ម​មិនបាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្នុងការ​ជួបជុំ​ឡើយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print