ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់បើកម៉ូតូធ្លាក់លូខណៈមេឃកំពុងភ្លៀងខ្លាំង ព្រោះពុំអាចមើលឃើញដោយសារទឹកលិចផ្លូវ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នាម៉ោងជាង៦ល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្ត្រីម្នាក់បើកម៉ូតូស្កុបពីពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-6476 ក្នុងទិសដៅពីជើងមកត្បូង តាមបណ្តោយផ្លូវ ៥៣ bt ខណះមកដល់ចំណុចកើតហេតុ ក៏បានបើកធ្លាក់លូផ្កាប់មុខចូលទឹក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុទាំងមេឃកំពុងតែធ្លាក់ភ្លៀង។
សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ជា រដ្ឋា អាយុ ៣៣ ឆ្នាំ មានស្រុកកំណើតនៅស្រុកពាមរ ខេត្តព្រៃវែង បច្ចុប្បន្ន រស់នៅម្តុំកន្លែងកើតហេតុ។ អ្វីដែលគួរឲ្យអាសូរជាខ្លាំងនោះ បើយោងតាមមិត្តភក្តិដែលបានស្គាល់ បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះទើបតែសម្រាលកូនស្រីដំបូងបានរយៈពេល ៧ ខែ ប៉ុណ្ណោះ។
ការស្លាប់ដែលមិនអាចទទួលយកបានរបស់ស្ត្រីរូបនេះ ប្អូនប្រុសរបស់នាងដែលមានគណនីហ្វេសប៊ុកឈ្មោះ ហ៊ា ពិសិដ្ឋ បានបង្ហោះសារដ៏សែនឈឺចាប់ថា៖ «ខ្ញុំលែងបានឃើញបងខ្ញុំទៀតហើយ បងស្រីខ្ញុំគាត់ស្លូធ្វើបុណ្យច្រើន ណាស់ម៉េចបានរឿងអាក្រក់នេះធ្លាក់មកលើបងខ្ញុំទៅវិញ កំហុកនេះមកពីអ្នកណា ហេតុអីបានជាធ្វើលូមានទឹកលិចមិនដាក់សញ្ញាអោយប្រជាជនដឹងអញ្ចឹង មិនគួររឿងនឹងធ្លាក់មកលើបងខ្ញុំទេ ប្អូនសូមជូនពរបងអោយជាតិក្រោយមានសំណាងជាងជាតិនេះកុំអោយជួបរឿងនឹងទៀតបើមានជាតិក្រោយមែន ខ្ញុំសូមធ្វើបងប្អូននឹងបងទៀតណាបង ថ្ងៃ 13/10/2020 ខ្ញុំស្អប់ឆ្នាំ2020 នឹងណាស់មានរឿងអាក្រក់គ្រប់រឿង»។
តាមរយៈហេតុការណ៍នេះផងដែរ ក៏សំណូមពរដល់គ្រប់អាជ្ញាធរដែនដី ក៏ដូចប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់សូមមេត្តាយកចិត្តទុកដាក់ ជួយដាក់ជាសញ្ញា ឬ តម្រុយឲ្យបងប្អូនអ្នកធ្វើដំណើរបានដឹងផង កុំឲ្យកើតមានគ្រោះថ្នាក់បែបនេះទៀត៕ជ្រោយពេជ្រ