មន្រ្តីជានខ្ពស់ចិន៖ ប្រាប់​រដ្ឋាភិបាល​កាណាដា​កុំផ្ដល់​សិទ្ធិ​ជ្រកកោន​នយោបាយទៅឲ្យ​ឧក្រិដ្ឋជន​ហិង្សា​​ហុងកុង​

ចែករំលែក៖

អន្តរជាតិ៖ លោក Cong Peiwu អគ្គរដ្ឋទូតចិនប្រចាំប្រទេសកាណាដា បានប្រាប់រដ្ឋាភិបាលកាណាដាថា៖ បើកាណាដាផ្ដល់សិទ្ធិជ្រកកោនឲ្យពលរដ្ឋហុងកុង វាអាចប៉ះពាល់ដល់សុខទុក្ខ និងសុវត្ថិភាពពលរដ្ឋកាណាដាដែលកំពុងរស់នៅក្នុងក្រុងហុងកុង ពាក់ព័ន្ធការផ្ដល់សិទ្ធិជ្រកកោននយោបាយឲ្យបាតុករទាមទារប្រជាធិបតេយ្យហុងកុងរដ្ឋមន្ត្រីការបរទេសកាណាដា ក៏បានប្រតិកម្មផងដែរ ដែលវាទំនងជាបង្កភាពតានតឹងថែមទៀតរវាងប្រទេសទាំងពីរ

លោក Cong Peiwu លើកឡើងយ៉ាងដូច្នេះនៅក្នុងសន្និសីទព័ត៌មានតាមអនឡាញ នៅថ្ងៃទី១៦ ខែតុលាម្សិលមិញនេះថា«​យើងទទូចឲ្យភាគីកាណាដា កុំផ្ដល់សិទ្ធិជ្រកកោននយោបាយទៅឲ្យឧក្រិដ្ឋជនហិង្សាទាំងនោះក្នុងទីក្រុងហុងកុង ព្រោះថាវាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន​»​ លោក បន្តថា ទង្វើនេះ ក៏ជាការលើកទឹកចិត្តដល់ពួកបាតុករហិង្សាទាំងនោះផងដែរ ការលើកឡើងរបស់អគ្គរដ្ឋទូតចិនប្រចាំកាណាដា លោក Cong Peiwu គឺជាការឆ្លើយតបនឹងរបាយការណ៍មួយដែលថា គូស្នេហ៍ហុងកុងមួយគូ ដែលបានចូលរួមក្នុងបាតុកម្មហិង្សាកាលពីឆ្នាំមុន ត្រូវផ្ដល់សិទ្ធិជ្រកកោននយោបាយនៅកាណាដា

លោកអគ្គរដ្ឋទូតចិនរូបនេះ បាននិយាយទៀតថា ប្រសិនបើខាងកាណាដា ពិតជាខ្វាយខ្វល់អំពីស្ថិរភាព និងវឌ្ឍនភាពក្នុងទីក្រុងហុងកុងហើយពិតជាយកចិត្តទុកដាក់លើសុខទុក្ខនិងសុវត្ថិភាពរបស់ពលរដ្ឋកាណាដាទាំង៣០ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងហុងកុង ព្រមទាំងក្រុមហ៊ុនកាណាដាមួយចំនួនធំដែលកំពុងប្រតិបត្តិការនៅហុងកុង រដ្ឋាភិបាលក្រុងអូតាវ៉ាគួរគាំទ្រកិច្ចប្រឹងប្រែងរបស់ទីក្រុងហុងកុងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិង្សា នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters

ដោយឡែកលោក  Francois-Philippe Champagne រដ្ឋមន្ត្រីការបរទេសកាណាដា បានចាត់ទុកសម្តីរបស់លោក Cong​ថាមិនអាចទទួលយកបានទាំងស្រុង និងគួរឲ្យព្រួយបារម្ភ ព្រោះក្នុងសេចក្តីថ្លែងការណ៍មួយ លោកអះអាងថា លោកបានចេញបញ្ជាឲ្យក្រសួងការបរទេសកោះហៅលោកអគ្គរដ្ឋទូតចិនមកបញ្ជាក់ឲ្យច្បាស់ពាក់ព័ន្ធនឹងបញ្ហានេះ

សូមជម្រាបថា ចាប់តាំងពីមានការចាប់ឃាត់ខ្លួនអ្នកស្រី Meng Wanzhou អ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយក្សចិន Huawei និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុននេះ មើលឃើញថាទំនាក់ទំនងការទូត៥០ឆ្នាំរវាងចិននិងកាណាដា មានភាពល្អក់កករខ្លាំងផងដែរ

គួររម្លឹកដែរថា អ្នកស្រី Meng Wanzhou អ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយក្សចិន Huawei ត្រូវបានចាប់ខ្លួនក្រោមដីការរបស់សហរដ្ឋអាមេរិកក្នុងខែធ្នូ ឆ្នាំ២០១៨ អំឡុងពេលអ្នកស្រីនៅទីក្រុង Vancouver ហើយត្រូវជាប់ចោទពីបទបោកប្រាស់ធនាគារពាក់ព័ន្ធការបំពានទណ្ឌកម្មអាមេរិកប្រឆាំងប្រទេសអ៊ីរ៉ង់ ភ្លាមៗក្រោយមក អតីតអ្នកទូតកាណាដា Michael Kovrig និងអ្នកជំនួញកាណាដាMichael Spavor ត្រូវចាប់ខ្លួនក្រោមបទចោទចារកម្ម

គួរបញ្ជាក់ថា សម្រាប់រដ្ឋាភិបាលលោកខាងលិចមើលឃើញការចាប់ឃុំឃាំងពលរដ្ឋកាណាដាទាំងពីរនាក់នេះជាការសងសឹករបស់ក្រុងប៉េកាំងផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print