ចិន និង​តៃវ៉ាន់ ចេញមក​អះអាង​រៀងៗ​ខ្លួន​ថា៖ ហេតុការណ៍​ប្រតាយប្រតប់​គ្នារវាងអ្នកការទូត​នៅឯ​កោះ​ហ្វី​ជី​ សុទ្ធតែ​រងរបួស

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមានហេតុការណ៍ប្រតាយប្រតប់គ្នាមួយរវាងអ្នកការទូតប្រទេសចិន និងតៃវ៉ាន់ នៅកន្លែងជួបជុំប្រារព្ធពិធីបុណ្យជាតិតៃវ៉ាន់កាលពីថ្ងៃទី ខែតុលា កន្លងទៅនៅឯកោះហ្វីជី ភាគីចិន និងតៃវ៉ាន់ នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ បានចេញមកអះអាងរៀងៗខ្លួនថាអ្នកការទូតប្រទេសទាំងពីរ សុទ្ធតែរងរបួសដូចគ្នា

បើតាមការផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters​ ដែលបានដកស្រង់ចេញពីក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ តុលាម្សិលមិញនេះថា៖ អ្នកការទូតរបស់ខ្លួនមួយរូបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ ​បន្ទាប់ពីព្យាយាមរារាំង មិនឲ្យអ្នកការទូតចិនពីររូបចូលទៅថតរូបនិងប្រមូលព័ត៌មានអំពីអ្នកដែលចូលរួមក្នុងកម្មវិធីបុណ្យជាតិតៃវ៉ាន់ ដែលរៀបចំដោយការិយាល័យតំណាងតៃវ៉ាន់ ប្រចាំប្រទេសហ្វីជី

ចំណែក លោក Henry Tseng អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ថ្លែងនៅចំពោះមុខរដ្ឋសភានៅទីក្រុងតៃប៉ិ បានអះអាងថា លោកនៅបន្តពិនិត្យមើលហេតុការណ៍នេះថា ជាសកម្មភាពទូទៅរបស់ចិន ជាសកម្មភាពដោយឡែក ទោះជាយ៉ាងណាក្តី តៃវ៉ាន់ថ្កោលទោសសកម្មភាពរបស់អ្នកការទូតចិនទាំងពីររូបខាងលើ មន្ត្រីទូតតៃវ៉ាន់ អះអាងថា មន្ត្រីទូតចិន ព្យាយាមថតរូប និងប្រមូលព័ត៌មាន ដើម្បីចង់ដឹងថាមានអ្នកនយោបាយហ្វីជីណាខ្លះចូលរួមក្នុងពិធីនោះជាមួយគ្នានោះ តៃវ៉ាន់ក៏អះអាងថា ប៉ូលីសហ្វីជីបានចូលជួយអន្តរាគមន៍ និងបានបង្ខំឲ្យមន្ត្រីការទូតចិនចាកចេញពីកន្លែងជួបជុំនោះដែរ

ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ មន្រ្តីស្ថានទូតចិននៅឯកោះហ្វីជី ក៏បានអះអាងវិញថា ការប្រារព្ធបុណ្យជាតិតៃវ៉ាន់ ជាការបំពានគោលការណ៍ចិនតែមួយ បង្កើតរូបភាពចិន និងតៃវ៉ាន់ជារដ្ឋដាច់ដោយឡែកពីគ្នានៅលើឆាកអន្តរជាតិ មន្រ្តីស្ថានទូតចិន បន្ថែមទៀតថាមន្ត្រីការទូតរបស់ខ្លួនម្នាក់រងរបួស និងចោទអ្នកការទូតតៃវ៉ាន់ថា ជាអ្នកបង្ករឿងទៅលើបុគ្គលិកស្ថានទូតរបស់ខ្លួនដែលកំពុងបំពេញមុខងារផ្លូវការនៅក្បែរកន្លែងរៀបចំនោះ

មន្រ្តីស្ថានទូតចិនបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«​សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ចិន តៃវ៉ាន់ជាផ្នែកមួយមិនអាចផ្តាច់បានពីទឹកដីចិន​»​

គួរបញ្ជាក់ដែរថា ប្រទេសកូនកោះនៅតំបន់ប៉ាស៊ីហ្វិកមួយនេះ ក៏ជាទីប្រកួតប្រជែងយ៉ាងស្វិតស្វាញមួយរវាងចិន និងតៃវ៉ាន់ផងដែរ ខណៈតៃវ៉ាន់ មានទំនាក់ទំនងការទូតជាមួយប្រទេស ក្នុងតំបន់ក្នុងនោះរួមមាន ណូរូ កោះម៉ាសាល់ ប៉ាឡាវ និងទូវ៉ាលូ តៃវ៉ាន់ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយហ្វីជីទេ ប៉ុន្តែមានការិយាល័យតំណាងពាណិជ្ជកម្មនៅទីនោះ ចំណែកចិន មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់តាំងតែពីឆ្នាំ១៩៧៥មកម្លេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print