ចិន និង​តៃវ៉ាន់ ចេញមក​អះអាង​រៀងៗ​ខ្លួន​ថា៖ ហេតុការណ៍​ប្រតាយប្រតប់​គ្នារវាងអ្នកការទូត​នៅឯ​កោះ​ហ្វី​ជី​ សុទ្ធតែ​រងរបួស

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមានហេតុការណ៍​ប្រតាយប្រតប់​គ្នា​មួយ​ រវាងអ្នកការទូត​ប្រទេសចិន និងតៃវ៉ាន់ នៅ​កន្លែង​ជួបជុំ​ប្រារព្ធ​ពិធី​បុណ្យជាតិ​តៃវ៉ាន់កាលពី​ថ្ងៃទី​៨ ខែតុលា កន្លងទៅនៅឯ​កោះ​ហ្វី​ជី ភាគីចិន និង​តៃវ៉ាន់ នៅ​ថ្ងៃទី​១៩ ខែតុលា​ ឆ្នាំ២០២០ បានចេញមក​អះអាង​រៀងៗ​ខ្លួន​ថាអ្នកការទូត​ប្រទេស​ទាំងពីរ សុទ្ធតែ​រងរបួស​ដូចគ្នា ។

​បើតាម​ការផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន Reuters​ ដែលបានដកស្រង់ចេញពីក្រសួងការបរទេស​តៃវ៉ាន់ បានបញ្ជាក់ឲ្យដឹងនៅ​ថ្ងៃទី​១៩ តុលាម្សិលមិញនេះថា៖ អ្នកការទូត​របស់ខ្លួន​មួយរូប​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ ​បន្ទាប់ពី​ព្យាយាម​រារាំង មិន​ឲ្យ​អ្នកការទូត​ចិន​ពីររូប​ចូលទៅ​ថតរូបនិង​ប្រមូល​ព័ត៌មាន​អំពី​អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​បុណ្យជាតិ​តៃវ៉ាន់ ដែល​រៀបចំ​ដោយ​ការិយាល័យ​តំណាង​តៃវ៉ាន់ ប្រចាំ​ប្រទេស​ហ្វី​ជី​។

​ចំណែក លោក Henry Tseng អនុរដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់ថ្លែង​នៅ​ចំពោះមុខ​រដ្ឋសភា​នៅ​ទីក្រុង​តៃប៉ិ បានអះអាងថា លោក​នៅ​បន្ត​ពិនិត្យមើល​ហេតុការណ៍​នេះ​ថា ជា​សកម្មភាព​ទូទៅ​របស់​ចិន ឬ​ជា​សកម្មភាព​ដោយឡែក​។ ទោះជា​យ៉ាងណាក្តី តៃវ៉ាន់​ថ្កោលទោស​សកម្មភាព​របស់​អ្នកការទូត​ចិន​ទាំង​ពីររូប​ខាងលើ​។ មន្ត្រី​ទូត​តៃវ៉ាន់ អះអាងថា មន្ត្រី​ទូត​ចិន ព្យាយាម​ថតរូប និង​ប្រមូល​ព័ត៌មាន ដើម្បី​ចង់ដឹងថា​មាន​អ្នកនយោបាយ​ហ្វី​ជី​ណាខ្លះ​ចូលរួម​ក្នុង​ពិធី​នោះ​។​ ជាមួយគ្នា​នោះ តៃវ៉ាន់​ក៏​អះអាងថា ប៉ូលីស​ហ្វី​ជី​បាន​ចូល​ជួយ​អន្តរាគមន៍ និង​បាន​បង្ខំ​ឲ្យ​មន្ត្រីការទូត​ចិន​ចាក​ចេញពី​កន្លែង​ជួបជុំ​នោះដែរ​។

​ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ មន្រ្តីស្ថានទូត​ចិន​នៅ​ឯកោះហ្វី​ជី ក៏បានអះអាងវិញថា ការ​ប្រារព្ធ​បុណ្យជាតិ​តៃវ៉ាន់ ជាការ​បំពាន​គោលការណ៍​ចិន​តែមួយ ឬ​បង្កើត​រូបភាព​ចិន និង​តៃវ៉ាន់​ជា​រដ្ឋ​ដាច់ដោយឡែក​ពីគ្នា​នៅលើ​ឆាក​អន្តរជាតិ​។ មន្រ្តីស្ថានទូត​ចិន បន្ថែមទៀតថាមន្ត្រីការទូត​របស់ខ្លួន​ម្នាក់​រងរបួស និង​ចោទ​អ្នកការទូត​តៃវ៉ាន់​ថា ជា​អ្នក​បង្ករឿង​ទៅលើ​បុគ្គលិក​ស្ថានទូត​របស់ខ្លួន​ដែល​កំពុង​បំពេញ​មុខងារ​ផ្លូវការ​នៅក្បែរ​កន្លែង​រៀបចំ​នោះ​។​

មន្រ្តីស្ថានទូត​ចិន​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​តំណាង​ស្របច្បាប់​តែមួយគត់​របស់​ចិន​។ តៃវ៉ាន់​ជា​ផ្នែក​មួយ​មិនអាច​ផ្តាច់​បាន​ពី​ទឹកដី​ចិន​»​។

​គួរបញ្ជាក់ដែរថា ប្រទេស​កូន​កោះ​នៅ​តំបន់​ប៉ាស៊ីហ្វិកមួយនេះ ក៏ជាទី​ប្រកួតប្រជែង​យ៉ាងស្វិតស្វាញ​មួយ​រវាង​ចិន និង​តៃវ៉ាន់ផងដែរ ​។ ខណៈតៃវ៉ាន់ មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​៤ ក្នុង​តំបន់​ក្នុងនោះ​រួមមាន​៖ ណូ​រូ កោះ​ម៉ា​សាល់ ប៉ា​ឡាវ និង​ទូ​វ៉ា​លូ​។ តៃវ៉ាន់ មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​ហ្វី​ជី​ទេ ប៉ុន្តែ​មាន​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​នៅ​ទីនោះ​។ ចំណែក​ចិន មាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​តាំងតែ​ពី​ឆ្នាំ​១៩៧៥មកម្លេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print