អន្តរជាតិ៖ តុលាការកំពូលរបស់ប្រទេសតៃវ៉ាន់ កាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះ បានសម្រេចឲ្យតារាចម្រៀងស្រី ជនជាតិតៃវ៉ាន់ T-ana ដែលមានឈ្មោះពិត Ding Xiao-qin ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ ៦ ខែពីបទលក់អីវ៉ាន់ ក្លែងក្លាយលើប្រព័ន្ធអ៉ីនធើណេត។
បើតាមការអះអាងពីព្រះរាជអាជ្ញា បានបញ្ជាក់ថា នាងបានប្រើវិធីរកលុយខុសច្បាប់ ចំណេញដល់ទៅជិត ៦០០០ដុល្លារ ដែលគិតចាប់ពីឆ្នាំ២០១៥ ដោយបានទទួលពាក្យបណ្តឹងប្តឹង តារាស្រីវ័យ ៤១ឆ្នាំរូបនេះ ចំនួន១២នាក់ ជាជនរងគ្រោះដែលបានទិញទំនិញពីនាង។
ប្រភពដដែល បានបន្ថែមទៀតថា តារាស្រីរូបនេះ បានធ្វើការក្លែងបន្លំ និងរំលោភលើច្បាប់ពាណិជ្ជសញ្ញា នៅពេលដែលរូបនាងបានដាក់កាបូបម៉ាកយីហោហ្ស៊ីនមួយចំនួន នៅលើគេហទំព័រដេញថ្លៃផ្ទាល់ខ្លួនរបស់នាង តែផ្ទុយទៅវិញបានប្រគល់របស់ក្លែងក្លាយ នៅពេលអតិថិជនបានទិញទំនិញ។
ដោយឡែក ចំពោះនាងក៏បានសារភាពផងដែរថា រូបនាងពិតជាបានធ្វើខុសហើយ និងបានប្រកែកថា តារាស្រីរូបនេះ កំពុង ស្ថិតក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ ហើយត្រូវការប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាង ទើបធ្វើបែបនេះ៕