ដោយសារ COVID-19 អាចធ្វើឲ្យចំនួន​មនុស្ស​ក្រីក្រ និង​ជន​ស្រេកឃ្លាន នឹង​កើនឡើង​

ចែករំលែក៖

អន្តរជាតិ៖ ​បើយោងតាមការអះអាងពីអង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO ) បានបញ្ជាក់ថា ដោយសារ​ការ​រាតត្បាត​ជា​សាកល​ នៃ​វីរុស​កូ​រ៉ូ​ណា (COVID-19) បានធ្វើឲ្យកិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ខ្លួន ​ក្នុងការ​ប្រយុទ្ធ​នឹង​ការស្រេកឃ្លាន​មានដំណើរ​ថយក្រោយ​១០​ឆ្នាំ​។​

​ជាក់ស្តែង​ប្រធាន​អ្នក​សេដ្ឋសាស្ត្រ​នៃ​អង្គការ FAO លោក Maximo Torero Cullen​ បាននិយាយថា ​បញ្ហា​មិនមែន​ការខ្វះ​ម្ហូបអាហារ​ទេ​ តែ​ការទទួល​ម្ហូបអាហារ​។​ មិនតែប៉ុណ្ណោះ លោក Cullen ទស្សន៍ទាយ​ថា​ភាពក្រីក្រ​នឹង​ធ្ងន់ធ្ងរ​ថែមទៀត​។​

ប្រធាន​អ្នក​សេដ្ឋសាស្ត្រ​នៃ​អង្គការ FAO រូបនេះ បានថ្លែងយ៉ាងដូច្នេះថា​៖«​ប្រជារាស្ត្រ​មិនអាច​ទទួល​ម្ហូបអាហារ​ពីព្រោះ​ពួកគេ​បាត់បង់​ការងារពីព្រោះ​ពួកគេ​គ្មាន​ប្រាក់ចំណូល​។ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នឹងមាន​ឧបសគ្គ​យ៉ាងច្រើន​ដោយសារ​សេដ្ឋកិច្ច​មិន​រីកចម្រើន​នៅក្នុង​ពិភពលោក​។ ហេតុ​ដូច្នេះហើយ​បានជា​មនុស្ស​ដែល​ខ្វះខាត​អាហារ​អាច​កើន​ចំនួន​១៣២​លាន​នាក់​ថែមទៀត​»​។​

​លោក​ Cullen គូសបញ្ជាក់ថា​៖«​យើង​រំពឹងថា​មនុស្ស​រហូតដល់​១៥០​លាន​នាក់​នឹង​ធ្លាក់ខ្លួន​ចូលដល់​ស្ថានភាព​ក្រីក្រ​ខ្លាំង​បំផុត​។ យើង​រំពឹងថា​មនុស្ស​ដែលមាន​អាហារ​មិន​គ្រប់គ្រាន់​នឹង​កើនឡើង​ចំនួន​១៣២​លាន​នាក់​ថែមទៀត​»​។​ លោក បន្ថែមថា​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​គឺ​ពួក​អ្នក​ដែល​ឋិត​ក្នុង​តំបន់​មាន​ចលាចល​ឬ​មានការ​ប្រែប្រួល​អាកាសធាតុ​។​

​លោក​ Cullen បន្តថា​៖«​ពួក​ជន​ដែល​ងាយ​រងគ្រោះ​ភាគច្រើន​រស់នៅក្នុង​តំបន់​ខាងត្បូង​នៃ​វាល​ខ្សាច់​សាហា​រ៉ា​នៅក្នុង​តំបន់ Sahel នៃ​ទ្វីបអាហ្វ្រិក​។ ជន​ទាំងនោះ​ភាគច្រើន​កំពុងតែ​ប្រឈម​ជាមួយ​ការ​ប្រែ​ប្រូ​ល​ធាតុអាកាស​ជាស្រេច​ទៅហើយ​។ ឬមួយ​ពួកគេ​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ហ្វូង​កណ្តូប​ធំៗ​នៅក្នុង​ប៉ែក​ខាងកើត​នៃ​ទ្វីបអាហ្វ្រិក​»​។​ ព្រោះក្នុងឆ្នាំនេះ​មាន​ហ្វូង​កណ្តូប​ធំៗ​ក្នុង​ផ្នែក​ខាងកើត​នៃ​ទ្វីបអាហ្វ្រិក​។ ប្រទេស​កេ​ន​យ៉ា បាន​ជួប​បញ្ហា​សត្វល្អិត​អាក្រក់​បំផុត​ក្នុង​រយៈពេល​៧០​ឆ្នាំ​ដែលនាំឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ជីវភាព​មនុស្ស​រាប់លាន​នាក់​។​

​យ៉ាងណាមិញ ទោះជា​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​ក្នុង​ផ្នែក​ឯទៀតៗ​នៃ​ពិភពលោក​ដូចជា​ក្នុង​សហរដ្ឋអាមេរិក​និង​ទ្វីបអឺរ៉ុប​ក៏ដោយ ក៏​ការស្ទង់មតិ​មួយ​របស់​គណៈកម្មាធិកា​រ​អន្តរជាតិ​នៃ​កាកបាទក្រហម​ហៅ​កាត់​ថា​ICRC បាន​រកឃើញថា​ពួក​អ្នក​ឆ្លើយតប​នឹង​ការស្ទង់មតិ​មាន​ផលប៉ះពាល់​ដោយសារ​ជំងឺ​នេះ​ចាប់តាំងពី​ការចាប់ផ្តើម​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ម្ល៉េះ​។​

​ដោយឡែក​គណៈកម្មាធិការ ICRC លោកស្រី Halimatou Amadou ក៏បាន​និយាយ​ជាមួយ​វី​អូ​អេ​ពី​ក្រុង Dakar ថា​៖ «​ការស្ទង់មតិ​នេះ​បាន​ត្រូវធ្វើ​ក្នុងចំណោម​មនុស្ស​២៤០០​នាក់​ក្នុងប្រទេស​១០​ក្នុង​ទ្វីប Afrique​។ ហើយ​អ្វីដែល​ពួកគេ​បាន​និយាយប្រាប់​យើង​នោះ ជា​ការណ៍​នាំឱ្យមាន​ទុក្ខព្រួយ​ណាស់​។ ឧទាហរណ៍​មនុស្ស​៩៤​ភាគរយ​បាន​ប្រាប់​យើង​ថា​ម្ហូបអាហារ​នៅក្នុង​ផ្សារ​មូលដ្ឋាន​បាន​ឡើងថ្លៃ​។ យើង​ក៏​ឃើញ​ដែរ​ថា​៨២​ភាគរយ​នៃ​ពួក​ជន​យើង​បាន​សម្ភាសន៍​បាន​និយាយថា​ពួកគេ​គ្មាន​ប្រាក់ចំណូល​ទេ​»​។​

​គណៈកម្មាធិការ ICRC រូបនេះ បានថ្លែងថា​ មាន​មនុស្ស​តែ​៧​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​និយាយថា​ពួកគេ​មាន​ប្រាក់​សន្សំ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ស្ថានភាព​បច្ចុប្បន្ន​។ នៅ​កន្លែង​ឯទៀតៗ​ស្ថានភាព​រឹតតែ​អាក្រក់​ថែមទៀត​ដោយសារ​សង្គ្រាម​។​

​លោកស្រី Amadou បានគូសបញ្ជាក់ថា​៖ «​នៅក្នុង​ប្រទេស Burkina Faso មាន​មនុស្ស​ប្រមាណ​២​លាន​៨​សែន​នាក់​ដែល​ប្រឈម​នឹង​វិបត្តិ​អសន្តិសុខ​ស្បៀងអាហារ​យ៉ាងធ្ងន់ធ្ងរ​។ នេះ​គឺ​២០០​ភាគរយ​ច្រើនជាង​កាលពី​ឆ្នាំទៅ​មិញ​។ អ្វីដែល​យើង​ឃើញ​គឺ​នៅពេលនេះ​មាន​មនុស្ស​ជាង​១​លាន​នាក់​បាន​ខ្ចាត់ព្រាត់​ពី​ផ្ទះសំបែង ហើយ​ពួកគេ​គ្មាន​ដី​ដាំ​ដំណាំ​ទេ​។ ហើយ​ជាធម្មតា​ការណ៍​នេះ​នាំឱ្យ​ពួកគេ​កាន់តែ​ពិបាក​ទទួលបាន​អាហារ​»​។​

​គួរបញ្ជាក់ថា ក្រៅពី​ទ្វីបអាហ្វ្រិក អង្គការ FAO ក៏​ព្រួយបារម្ភ​ជាពិសេស​អំពី​តំបន់​អាមេរិក​ឡាទីន​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​COVID-19 ដែរ​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print